កិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២០ របស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង លោក ឈាង បូរ៉ា ប្រធានអង្គភាព បានដឹកនាំកិច្ចកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋ លោក ប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ លោក លោកស្រីមន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយ។
នៅក្នុងកិច្ចប្រជុំ លោក ឈាង បូរ៉ា ប្រធានអង្គភាព បានស្នើឱ្យសមាជិក សមាជិកាអង្គប្រជុំលើកឡើងពីបញ្ហាប្រឈមនានាដើម្បីពិភាក្សារួមគ្នា និងរកយន្តការដោះស្រាយ។ លោកបានបញ្ជាក់ថា សូមកុំមានការក្រែងចិត្ត ខ្លាចរអាឱ្យសោះ យើងត្រូវមានភាពស្មោះត្រង់នឹងគ្នាព្រោះយើងបានអនុវត្តការងាររួមគ្នាជិត២ឆ្នាំហើយ។ ប្រសិនបើបញ្ហាប្រឈមទាំងនោះ មិនអាចរកដំណោះស្រាយបានទេត្រឹមកម្រឹតគ្នាយើងហ្នឹងទេ យើងនឹងធ្វើរបាយការណ៍ដើម្បីជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។
ជាងនេះទៅទៀត លោកបានបន្ថែមថា ចំពោះមន្ទីរអង្គភាព ដែលសេវាត្រូវបានប្រតិភូកម្មមកអង្គភាពច្រកចេញចូលតែមួយ តែនៅឱ្យដំណើរការនៅមន្ទីរ អង្គភាពនោះនៅឡើយ លោកនឹងគ្រោងស្នើគោលការណ៍ថ្នាក់ដឹកនាំដើម្បីប្រជុំពិភាក្សាជាថ្មីម្ដងទៀត។
ចុងបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានអង្គភាព បានក្រើនរំលឹកដល់មន្ត្រីជួរមុខ និងជួរក្រោយទាំងអស់ថា សូមឱ្យមានការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន និងសូមប្រយ័ត្នប្រយែង ធ្វើរឿងដែលគួរធ្វើ ទៅជាធ្វើរឿងដែលមិនគួរធ្វើ។ លោកបានគូសបញ្ជាក់ថា ការដែលទៅធ្វើរឿងដែលមិនគួរធ្វើ នោះនឹងជះឥទ្ធិពលមិនល្អដល់អង្គភាពច្រកចេញចូលតែមួយដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ៕(ដោយ៖ ឡេង ធារ៉ា)