របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត

127

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​សាលាខេត្ត​កំពង់ឆ្នាំង មាន​រៀបចំ​កិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បី​ត្រួត​ពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល។ កិច្ច​ប្រជុំ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ក្រុម​ការងារ និង​មាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្ដម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ជាសមាជិក​ក្រុម​ការងារ, ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង, ឯកឧត្ដម ឡុង ឈុនឡៃ ប្រធាន​ក្រុម​ប្រឹក្សាខេត្ត, ឯកឧត្ដម លោកជំទាវ ក្នុង​ក្រុម​ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​/អង្គភាព​ជុំ​វិញ​ខេត្ត អភិបាលក្រុង/ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​សរុប​ចំនួន ១៧៩ នាក់។

ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ បាន​បញ្ជាក់​ជូន​កិច្ចប្រជុំ​ថា ក្នុង​ឆ្នាំ២០១៩ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​ពិនិត្យ និង​ដោះស្រាយ​សំណូមពរ បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បាន​ចំនួន ៤៩លើក ទទួល​បាន​សំណូមពរ និង​បញ្ហាប្រឈម សរុប​ចំនួន ៤៨៥ ចំណុច។ ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​បាន​ខិតខំ​រួមសហការ​គ្នាដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុម​ការងារ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងាររាជរដ្ឋាភិបាល​នៃ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ អាជ្ញាធរ សមត្ថកិច្ច​​គ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ​ពាក់ព័ន្ធ ដែល​បាន​យកចិត្ត​ទុកដាក់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ និង​ចុះដល់​មូលដ្ឋាន​ទូទាំងខេត្ត រួមគ្នា​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពួកគាត់ ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ជំរុញឲ្យមន្ត្រីពាក់ព័ន្ធនិងមន្រ្តីអាជ្ញាធរ ត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ និង ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។ ពិសេស គឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲបានល្អ ស្របតាមអភិក្រម ធ្វើអោយបាន ធ្វើអោយលឿន និង ធ្វើឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.