រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើបដិសណ្ឋារកិច្ចចំពោះដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧នៃព្រឹទ្ធសភា
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត រួមជាមួយឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧ ទទួលបន្ទុកវិស័យអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការនៅខេត្តកំពង់ឆ្នាំង។
ដោយក្នុងនោះ ក៏មានការចូលរួមពីលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តជាច្រើនរូប។
គោលបំណងនៃដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នៃព្រឹទ្ធសភា គឺដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានធ្វើសេចក្ដីរាយការណ៍ពីសកម្មភាពការងារ និងសមិទ្ធផលថ្មីៗ ដែលខេត្តកំពង់ឆ្នាំង សម្រេចបាននាពេលកន្លងមក កំពុងអនុវត្ត និងទិសដៅអនុវត្តបន្ត។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួនជុំវិញការអនុវត្តការងារក្នុងដែនសមត្ថកិច្ច។
ជាកិច្ចបន្ទាប់ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានស្នើឱ្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: មន្ទីរធម្មការ និងសាសនា មន្ទីរទេសចរណ៍ និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង រាយការណ៍ពីលទ្ធផលស្ដីពីការអនុវត្តការងារ និងបញ្ហាប្រឈមផ្សេងៗ។
ព្រមគ្នានោះដែរ ឯកឧត្តមប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធដែលបានយកចិត្តទុកដាក់បំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តទទួលសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ និងបានលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក៏បានជម្រុញឱ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា និងតម្រង់ទិសការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕(ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)