កិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស និងសមត្ថភាពការផ្ដល់សេវារដ្ឋបាលវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមរយ:ការផ្ទេរតាមបែបប្រតិភូកម្មទៅឱ្យរដ្ឋបាលខេត្តនៅអង្គភាពច្រកចេញចូលតែមួយ
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងលោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ហាវ ផា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ដោយមានការចូលរួមពីមន្ត្រីការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការសម្របសម្រួលលើការគាំទ្រនៃមុខងារត្រូវបានធ្វើប្រតិភូកម្មពាក់ព័ន្ធនឹងបច្ចេកទេស សមត្ថភាព និងត្រួតពិនិត្យ វាយតម្លៃលើការផ្ដល់សេវារដ្ឋបាលវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរតាមបែបប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ៕(ប្រភព៖ អង្គភាពច្រកចេញចូលតែមួយខេត្ត)



