របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ថ្នាក់ដឹកនាំខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅវិមាន​សន្ដិភាព

154

ព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ តុង ណារី សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និងសហការី បានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានី​ភ្នំពេញ ។

ក្នុងពិធីនោះសម្តេចតេជោ បានមានប្រសាសន៍ថាបច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល វិស័យសេវាកម្ម ដូចជាធនាគារ សណ្ឋាគារ ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។ ហើយទាក់ទងនឹងវិស័យយោធានេះ សម្តេចតេជោក៏បានកោតសរសើរតួនាទីស្ត្រីក្នុងវិស័យយោធា ដែលថ្មីៗនេះមានមានស្ត្រីមួយចំនួន ដែលបានចូលរួមក្នុងកម្លាំងប្រត្តិការជួយយសង្គ្រោះក្នុងហេតុការណ៍បាក់អគារកាលពីពេលថ្មីៗកន្លងទៅនេះ ពីព្រោះគេបានចូលរួមយ៉ាងសកម្មដែលបង្ហាញនូវភាពក្លាហានក្នុងការជួយសង្គ្រោះ មិនចាញ់បុរសនោះឡើយ។

សម្តេចតេជោក៏បានអរគុណផងដែរចំពោះស្ត្រីដែលបានចូលរួមក្នុងកម្លាំងកងរក្សាសន្តិភាពមួកខៀវនៃអង្គការសហប្រជាជាតិ ដែលបានចូលរួមក្នុងប្រទេសមួយចំនួនដូចជា ប្រទេសអៀរ៉ាក់ សៀរី យ៉េម៉ែន ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម។ ទាក់ទងនឹងវិស័យអប់រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឲ្យស្ត្រីបានបន្តការសិក្សាឲ្យបានច្រើនដើម្បីឲ្យធនធានមនុស្សរបស់យើងកាន់តែសំបូរបែប។​

នៅក្នុងឱកាសនោះ​ដែរ សម្តេចតេជោ បានបញ្ជាក់សារជាថ្មីនូវអនុសាសន៍សំខាន់ចំនួន ១១ ចំណុចដូចកាលពីឆ្នាំមុនដដែល ដើម្បីលើកម្ពស់ការចូលរួមរបស់ស្រ្តី អោយទទួលបាននូវការរីកចម្រើន និងផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្នុងសង្គម។​ ក្នុងនោះសម្តេចតេជោក៏បានបន្ថែមនូវចំនុចសំខាន់ៗមួយចំនួនទៀត៖
១.ជំរុញអោយក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការណ៍បន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីអោយឆាប់ រួមទាំងការស្វែងរកមេធាវីសំរាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ។ សម្តេចតេជោសុំអោយក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះ ដែលបច្ចប្បន្ននេះលឺថាមានជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានកាត់ក្តី ចូច្នេះត្រូវពន្លឿនសំណុំរឿងនេះអោយបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី សម្តេចបានមានប្រសាសន៍បញ្ជាក់ថា អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។ សម្តេចតេជោ ហ៊ុន សែន សុំអោយក្រសួងការងារ ត្រូវតាមដានពលការិនីដែលទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់ពួកគេ និងការពារការរំលោភបំពានផ្សេងៗ។
២.អោយក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់អោយធ្វើបែបនោះឡើយ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើកាផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ។
៣.អោយមានការបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិល ជាស្ត្រីតាមការបណ្តុះបណ្តាលសមត្ថភាព ដើម្បីអោយស្ត្រីបានកាន់តួនាទីផ្សេងៗក្នុងក្រសួងស្ថាប័ន ដើម្បីអោយចំនួនស្ត្រីមានការកើនឡើងជាបន្តបន្ទាប់ទៀត ៕(ដោយ៖ ឡេង ធារ៉ា​)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.