កិច្ចជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ(គ) សាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត។
ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធអភិបាលរង អភិបាលរងក្រុង ស្រុកជាសមាជិក សមាជិកាគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖
១.ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត និងអនុម័តប្រតិទិនប្រជុំប្រចាំខែក្នុងឆ្នាំ២០២០។
២.បង្ហាញពីបច្ចុប្បន្នភាព និងពិភាក្សាលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត និងលើកទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត។
ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ កិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ បង្ហាញឱ្យឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្នុងការពិនិត្យជាទៀងទាត់ និងជម្រុញឱ្យស្ថាប័នអនុវត្តគោលនយោបាយវិជ្ឈការ និងវិសមជ្ឈការ បានចូលរួមគ្រប់សកម្មភាពដើម្បីធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តសកម្មភាពនានា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ២០២០នេះ គឺបានប្រព្រឹត្តទៅស្របពេលដែលរដ្ឋបាលក្រុង ស្រុក បានរៀបចំរចនាសម្ព័ន្ធថ្មី។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានជម្រុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីលើកកម្ពស់ការងារកំណែទម្រង់នេះឱ្យមានតម្លាភាព គុណភាព បរិមាណ និងប្រសិទ្ធភាពខ្ពស់ ៕(ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)