កុដិ និងសមិទ្ធិផលនានា ដែលស្ថិតនៅក្នុងវត្តសិរីសុវណ្ណ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំពិធី សម្ពោធ ឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការ
កំពង់ឆ្នាំង៖ នេះជាសមិទ្ធផលថ្មី ដែលបានប្រសូត្រចេញពីការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លា របស់ថ្នាក់ដឹកនាំ ព្រះសង្ឃ គណកម្មាការ អាចារ្យ សម្បុរសជនជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។ កុដិ និងសមិទ្ធិផលនានា ដែលស្ថិតនៅក្នុងវត្តសិរីសុវណ្ណ (ហៅវត្តថ្មី) ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំពិធី សម្ពោធ ឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការហើយ។ កុដិ ដែលបានសម្ពោធឆ្លង មានទទឹង ៩ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ ដែលចំណាយថវិកាកសាងអស់ ៥៣០០០ដុល្លាសហរដ្ឋអាមេរិក ត្រូវបានកសាងរួចរាល់ជាស្ថាពរ គឺបានជួយសំរួល ដល់ការគង់របស់ព្រះសង្ឃ។
សូមបញ្ជាក់ផងដែរថាៈ កម្មវិធីបុណ្យ ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣ៈ០០ រសៀល ជួបជុំពុទ្ធបរិស័ទ ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីលចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនាដោយព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្តគិរីធម្មរាជ។ ព្រឹកឡើងថ្ងៃអាទិត្យ ៧រោច ត្រូវនឹងថ្ងៃទី១៥ ខែឆ្នាំដដែល វេលាម៉ោង ៦ៈ៣០ព្រឹក ប្រគេនយាគូព្រះសង្ឃវេលាម៉ោង ៩ៈ០០ អញ្ជើញដល់គណៈអធិបតីកាត់ខ្សែបូរណ៍ វេលាម៉ោង ១០ៈ០០ និមន្តព្រះសង្ឃគោចរបិណ្ឌបាត ៥២ ព្រះអង្គ វេលាម៉ោង ១០ៈ៣០ នាទីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។
សមិទ្ធផលទាំងនេះគឺកើតឡើងដោយសារបច្ចុប្បន្នប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យដោយសារប្រទេសយើងមានសុខសន្តិភាព ហើយសន្តិភាព នេះមិនមែនសំរាប់អ្នកណាម្នាក់នោះទេ គឺសំរាប់ប្រទេសជាតិ សាសនា ព្រះមហាក្សត្រ។ អ្វីដែលប្រជាពលរដ្ឋយើងប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាព ដូន្នេះយើងរួបរួមគ្នា ជំរុញបង្កើតមនសិកា និងស្មារតីស្រលាញ់ជាតិមាតុភូមិ សាមគ្គីភាព និងត្រូវចងចាំថា អរគុណសន្តិភាពផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568