របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

អភិបាលស្រុកកំពង់លែង ចុះជួបប្រជាពលរដ្ឋធ្វើលទ្ធកម្មដីធ្លីគម្រោងសាងសង់ផ្លូវចូលប្រាសាទសក្ល ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក

166

កំពង់លែង៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោក សំ ចាន់ថន អភិបាលស្រុក និងជាប្រធានគណៈកម្មការលទ្ធកម្មស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកចុះជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីសម្របសម្រួលកិច្ចលទ្ធកម្មដីធ្លី ក្នុងគម្រោងជួសជុលផ្លូវលំក្រួសក្រហម ដែលមានប្រវែង ៣៥០ ម៉ែត្រ ចូលទៅកាន់បរិវេណទីទួលប្រាសាទសក្ល ឬហៅថាប្រាសាទប្រុស ដោយប្រើប្រាស់ថវិកាមូលនិធិស្រុក ឆ្នាំ២០២០។

ជាលទ្ធផលប្រជាពលរដ្ឋសរុបចំនួន ១៤គ្រួសារបានបរិច្ចាកដីធ្លីសម្រាប់ការជួសជុលផ្លូវចូលទៅកាន់ប្រាសាទសក្ល ដែលជាសម្បត្តិវប្បធម៌ជាតិដែលមានអាយុកាលរាប់រយឆ្នាំមួយនេះ សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ មកទស្សនាកំសាន្តផងដែរ ក្នុងស្មារតីការពារថែរក្សាកេរ្តិ៍តំណែលវប្បធម៌ខែ្មរប្រកបដោយទឹកចិត្តរីករាយ។

📜ប្រវត្តិប្រាសាទសក្ល ឬប្រាសាទប្រុស បានកសាងឡើងក្នុងចន្លោះសតវត្សទី៨ និងទី៩ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដូចប្រសាទនានា ក្នុងស្រុកកំពង់លែងដែរ។ ប្រាសាទនេះសាងសង់ឡើងនៅទីទួលមួយនៅកណ្តាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមានណជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង។ ប្រាសាទនេះឈ្មោះពិត គឺជាប្រាសាទប្រុស ប៉ុន្តែក្រោយមកអ្នកស្រុកបានហៅថា«ប្រាសាទសក្ល» តាមរឿងព្រេងនិទាន។

តាមរឿងនិទានថាកាលពីដើមឡើយ មានការភ្នាល់គ្នារវាងបុរស និងនារី លើការសាងសង់ប្រាសាទ បើខាងប្រុសឈ្នះ ខាងស្រីទៅដណ្តឹងប្រុស តែបើខាងស្រីឈ្នះ ខាងប្រុសទៅដណ្តឹងស្រីវិញ។ កាលនោះខាងប្រុសបានសាងសង់ប្រាសាទមួយ ដែលមានទីតាំងនៅទួលប្រាសាទខាងលើនេះ ចំណែកខាងស្រីបានកសាងប្រាសាទមួយមានឈ្មោះថា ប្រាសាទស្រី នៅក្នុងវត្តប្រាសាទ ឃុំដា សព្វថ្ងៃនេះ។

ខាងស្រីបានប្រើប្រាជ្ញារបស់ខ្លួន ដោយបានលើកគោមបង្ហោះឡើង ចំណែកខាងប្រុសបានឃើញភ្លើងគោមស្មានថាផ្កាយព្រឹករះ ក៏នាំគ្នាឈប់សាងសង់ប្រាសាទ ចំណែកខាងស្រីបានបន្តខំសាងសង់ រហូតព្រឹកឡើងឡើងបានរួចរាល់ និងបានឈ្នះខាងប្រុស។ ដូច្នេះហើយទើបតាំងពីពេលនោះមកប្រពៃណីខ្មែរយើង ប្រុសទៅដណ្តឹងស្រី។

ចាប់ពីពេលនោះមកប្រាសាទប្រុស ដែលធ្វើមិនទាន់ហើយ នៅសេសសល់ខ្លះ ទើបបានក្លាយឈ្មោះជាប្រាសាទសក្ល ឬមានន័យថា៖ ធ្វើមិនទាន់ហើយ។ ប្រាសាទនេះកសាងឡើងតាមរចនាបថកំពង់ព្រះ។ ប្រាសាទសក្ល ក្នុងភូមិកង្កែបក្នុងមួយឆ្នាំម្តងអ្នកស្រុកជួបជុំគ្នាធ្វើបុណ្យឡើងអ្នកតានៅខែវស្សា ៕(ដោយ៖ ឡេង ធារ៉ា)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.