បន្ទាប់ពីសារព័ត៌មាន{របាយការណ៍ថ្មី}ចុះផ្សាយរឿងសិប្បកម្មអត់ច្បាប់ ឃេីញសមត្ថកិច្ចសម្រុះចុះបង្ក្រាបសិប្បកម្មឈើអត់ច្បាប់ ៣កន្លែងក្នុងឃុំទួលខ្ពស់ក្នុងចំណោម៩កន្លែង
{កំពង់ឆ្នាំង}៖ ក្រោយពីអង្គភាពសារព័ត៌មាន{របាយការណ៍ថ្មី}និងអង្គភាពសារព័ត៌មានផ្សេងទៀតចុះផ្សាយរឿងករណីសិប្បកម្មចំនួន៩កន្លែងសង្ស័យអត់ច្បាប់នៅទីតាំងភូមិឡ, ឃុំទួលខ្ពស់, ស្រុកទឹកផុស, ខេត្តកំពង់ឆ្នាំងឃើញថា÷សមត្ថកិច្ចចម្រុះដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងសិប្បកម្មឈើអត់ច្បាប់ចំនួន៣កន្លែងនៅជិតគ្នា ក្នុងភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខណៈដែលមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរមាស មិនព្រមធ្វើការបង្ក្រាប សោះមួយរយៈកាលកន្លងមក។
លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា÷ដោយទទួលបានបញ្ជាពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ ថ្ងៃនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានកងរាជអាវុធហត្ថមន្ត្រីនគរបាល មន្ត្រីផ្នែករដ្ឋបាល ព្រៃឈើរមាស និងអាជ្ញាធរមូលដ្ឋានបានធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មឈើផលិតគ្រឿងសង្ហារឹម អត់ច្បាប់ចំនួន៣កន្លែងនៅជាប់របងគ្នា។
ដែលក្នុងនោះទី១មានម្ចាស់ឈ្មោះ អៀម សុខរិន, ទី២ មានម្ចាស់ឈ្មោះ ជា សុគន្ធ និងទី៣ មានម្ចាស់ឈ្មោះវណ្ណា។
ក្រោយពីការត្រួតពិនិត្យឃើញលិខិតស្នាម មានភាពមិនប្រក្រតី លោកក៏បានសម្រេចដកហូតឈើនៅក្នុងរោងសប្បកម្ម ទាំង៣កន្លែងយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីឱ្យម្ចាស់ធ្វើច្បាប់សិប្បកម្មកែច្នៃជាមុនសិនទើបអនុញ្ញាតឲ្យប្រកបអាជីវកម្មជាបន្តទៀត។
ចំណែកមធ្យោបាយមានម៉ាស៊ីនឈូសឈើ និងសម្ភារមួយចំនួនទៀតត្រូវរក្សាទុក នៅនឹងកន្លែង ហើយឲ្យម្ចាស់ទទួលខុសត្រូវលើការបាត់រង់ចាំដល់ពេលម្ចាស់រត់ច្បាប់ បានទើបអនុញ្ញាតឲ្យបើកអាជីវកម្មបាន។
ជាលទ្ធផលនៃការបង្ក្រាបសិប្បកម្មអត់ច្បាប់ខាងលើ មន្ត្រីជំនាញសម្រេចរឹបអូសឈើអត់ច្បាប់បានឈើដុំចំនួន១១៨ដុំ ស្មើនឹង៥,៤៦២ ម៉ែត្រគូប។
ឈើទាំងនោះត្រូវបានរក្សាទុកនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ដោយឲ្យម្ចាស់ធ្វើការបង់ផាកពិន័យស្តីពីច្បាប់រដ្ឋបាលព្រៃឈើ។
អ្វីជាការកត់សម្គាល់ ម្ចាស់សិប្បកម្មទាំង៣នាក់ខាងលើបានឆ្លើយថា ពួកគាត់បានសុំច្បាប់ពីលោក សំ ឫទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើ ហើយម្តេចត្រូវមកចាប់ឈើរបស់ពួកគាត់ទៀត។
ប៉ុន្តែលោក សំ ឫទ្ឋី បានបដិសេធន៍ថា៖ ត្រង់ណាដែលថា {{លោកចេញច្បាប់ឲ្យ}}។
ដោយឡែកលោក ថោង វ៉ាន់វីរ៉ាវុទ្ធី នាយ ខណ្ឌរដ្ឋបាលព្រៃឈើបានលើកលិខិតបង្ហាញថា៖ ច្បាប់នេះមិនត្រឹមត្រូវតាមច្បាប់គតិយុត្តិទេ ច្បាប់ដែរត្រឹមត្រូវគឺមានការចុះហត្ថលេខា ពីខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងដោយមានការចុះហត្ថលេខាឯកភាពពីឯកឧត្តមអភិបាលខេត្តទៀតទើបត្រឹមត្រូវ។
ក្នុងករណីសមត្ថកិច្ចចុះបង្ក្រាបនេះ ប្រជាពលរដ្ឋដែលរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ បានឲ្យដឹងថា÷ ពួកគាត់រីករាយសប្បាយចិត្តណាស់ ដែលកម្លាំងចម្រុះចុះបង្ក្រាបបាន{ ធ្វើអញ្ចឹងបានជាត្រឹមត្រូវស្មើភាពគ្នារវាងពួកគាត់រកស៊ីត្រូវស្លូតត្រង់ត្រឹមត្រូវ}។
ពួកគាត់បានបន្តទៀតថា÷សិប្បកម្មទាំងតូចទាំងធំចំនួនជាង១០កន្លែងនៅក្នុងភូមិឡនេះ ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ចបង្ក្រាបតែ៣កន្លែងសិន។
ពួកគាត់រំភើបរីករាយសប្បាយចិត្ត ហើយសង្ឃឹមថា គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង រាល់ការធ្វើអាជីវកម្មបើកសិប្បកម្មកែច្នៃឈើប្រណីតនិងត្រូវមានច្បាប់ ត្រឹមត្រូវទាំងអស់ហេីយនឹងបង់ប្រាក់ចូលរដ្ឋត្រឹមត្រូវ៕