របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅខេត្តស្វាយរៀង ថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកា និងស្បៀងអាហារភ្លាមៗដើម្បីសម្រាលរាល់ទុក្ខលំបាក

336

រសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ផ្តល់ជូនគ្រួសារ លោក ឃួន រ៉ា ភេទប្រុស អាយុ ៥០ ឆ្នាំ ជាមន្ត្រីបបម្រើការនៅដំបូងខេត្តស្វាយរៀង ដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ធ្វើអំពីឈើ ថ្មខាងក្រោម ដំបូលសង័្កសី ជញ្ជាំងឈើ ទំហំ ៨x១៦m កាលពីល្ងាចថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៥:៤០ នាទី នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជួបបញ្ហារងគ្រោះអគ្គីភ័យ ។ លោកជំទាវក៏បានសម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះគ្រួសារក្រុមគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៏ដូចទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាព និងខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពឲ្យកាន់តែប្រសើរឡើងជាងនេះទៀត ។ លោកជំទាវក៏បានផ្ដាំផ្ញើដល់លោក ឃួន រ៉ា ត្រូវយកថវិកាដែលសម្ដេចបានជួយឧបត្ថម្ភនេះ ទៅធ្វើផ្ទះឱ្យឆាប់ ដើម្បីបានជម្រកសម្រាប់ក្រុមគ្រួសារ កូនចៅ ហើយកុំធ្វេសប្រហែសក្នុងប្រការណាមួយដូចករណីខាងលើនេះទៀត ត្រូវប្រុងប្រយ័ត្នជានិច្ច និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះដល់លំនៅឋានរស់នៅរបស់យើង។ជាពិសេស ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ។

លោក ឃួន រ៉ា និងភរិយា បានថ្លែងឲ្យដឹងថា «ត្បិតណាស់ថា ផ្ទះរបស់ខ្ញុំបានឆេះអស់ ជួបនៅទុក្ខលំបាកគ្មានអ្វីផ្ទឹម តែខ្ញុំនៅតែមានទឹកចិត្ត និងក្តីសង្ឃឹមជាថ្មី ពេលទទួលបានការជួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន ពីសម្តេចពុក សម្តេចម៉ែ (សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន)»។ លោក ឃួន រ៉ា និងភរិយា សូមលើកដៃបន់ស្រន់ដល់ទេវតាក្នុងលោក ជួយប្រសិទ្ធិពរ ដល់អ្នកមានគុណ មានសុខភាពរឹងមាំបូរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីបន្ដដឹកនាំប្រទេសប្រកបដោយសន្ដិភាពនេះរហូតទៅ»។

អំណោយ ដែលបានផ្តល់ជូនគ្រួសាររងគ្រោះមាន ៖ អង្ករ ២០០គីឡូក្រាម , មី៥កេស, ត្រីខកំប៉ុង៥យួរ (៥០កំប៉ុង), ក្រមា៥, សរុង៥, ក្រណាត់ស៥ដុំ, និងថវិកាមួយចំនួនទៀត។ ក្នុងនោះក៏បាននាំយកថវិកា និងសារុង១ ជូនដល់ប្រជាជន ដែលជាក្រុមជាងសាងសង់ផ្ទះនេះវិញផងដែរ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.