លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅខេត្តស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។
លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃការផ្ទុះសារជាថ្មីនៃជំងឺកូវីដទំរង់ថ្មី និងខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ លោកជំទាវបានបន្តទៀតថា ថ្មីបើជំងឺអេដស៍ពុំទាន់មានថ្នាំព្យាបាលនៅឡើយ គឺមានត្រឹមតែថ្នាំពន្យាយ៉ាងណាក៏ដោយ សូមអ្នករស់នៅជាមួយមេរោគអេដស៍កុំបាក់ទឹកចិត្ត ត្រូវចេះហាត់ប្រាណ ហូបឲ្យបានទៀងទាត់ ជាពិសេស បន្លែ និងប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងមិនត្រូវរើសអើងលើពួកគាត់ឡើយ ។
អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង ៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៉ីវ ៦ដប ទឹកដោះគោខាប់ ៥កំប៉ុង សាប៊ូក្រអូប ៤ដុំ ឃីត ១កញ្ចប់ អាវយឺត ២ និងថវិកាធ្វើដំណើរចំនួន៨ម៉ឺនរៀលផងដែរ ៕