ព័ត៌មានជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យអ្នកដែលកំពុងរស់នៅក្នុងភូមិសាស្រ្តបិទខ្ទប់ ចាកចេញមកបំពេញការងារនៅខាងក្រៅភូមិសាស្រ្តនោះជាដាច់ខាតដើម្បីកាពារជំងឺកូវីដ19 ចេញផ្សាយបន្ថែម ថ្ងៃទី 10 ខែ Apr ឆ្នាំ 2021 132 ចែករំលែក ÷ប្រសាសន៍ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញនៅយប់ថ្ងៃសុក្រម្សិលមិញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួនក្នុងខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថាមិនអនុញ្ញាតឲ្យអ្នកដែលកំពុងរស់នៅក្នុងភូមិសាស្រ្តបិទខ្ទប់ចាកចេញមកបំពេញការងារនៅខាងក្រៅភូមិសាស្រ្តនោះជាដាច់ខាត។ បើតាមលោកឃួង ស្រេងអ្នកកំពុងស្ថិតក្នុងភូមិសាស្រ្តបិទខ្ទប់មិនអាចចល័តចេញមកក្រៅបានឡើយ។ ទោះបីជាមានលិខិតបំពេញបេសកកម្មក៏ដោយ។ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាតំបន់បិទខ្ទប់បណ្តោះអាសន្នក្នុងភូមិសាស្រ្តមួយចំនួនក្នុងរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឲ្យមានអ្នកណាដែលរស់នៅក្នុងតំបន់ទាំងនោះចល័តចេញមកខាងក្រៅ ដើម្បីបំពេញការងារនោះឡើយ។ទោះបីជាបុគ្គលនោះមានលិខិតបញ្ជាក់បេសកកម្មការងារខ្លួន។ ក៏ប៉ុន្តែ ឯកឧត្តម ឃួង ស្រេង បានអះអាងដែលថា ទោះជាមិនអាចចេញទៅបំពេញការងារបាន តែបុគ្គលទាំងនោះក៏នឹងត្រូវបានធានាពីក្រសួងការងារផ្ទាល់ពីមូលហេតុអវត្តមានពីកន្លែងការងារ ដោយសារពួកគេកំពុងស្ថិតក្នុងតំបន់បិទខ្ទប់។រីឯអ្នកដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់និងមានទីតាំងបំពេញការងារក្នុងតំបន់នោះលោកឃួងស្រេងបានបញ្ជាក់ថាពួកគេអាចទៅបំពេញការងារបានជាធម្មតាដោយមានលិខិតបំពេញបេសកកម្មការងារជាប់នឹងខ្លួន។សូមបញ្ជាក់ថាបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការបិទខ្ទប់ទីតាំងផ្នែកខ្លះនៃរាជធានីភ្នំពេញរួមមានភូមិចំនួន៧នៅក្នុងខណ្ឌពោធិ៍សែនជ័យ ភូមិទ្រុងមាន់នៅខណ្ឌសែនសុខ រួមនិងសង្កាត់មានជ័យ១ និងសង្កាត់មានជ័យ២ក្នុងខណ្ឌមានជ័យ កាលពីយប់ថ្ងៃសុក្រទី០៩មេសាម្សិលមិញ។តាមសេចក្តីសម្រេចទីតាំងទាំងនោះនឹងត្រូវបិទខ្ទប់រយៈពេលពីរសប្តាហ៍ពីថ្ងៃ១០រហូតដល់ថ្ងៃទី២៣មេសា មិនឲ្យមានការចេញចូល លើកលែងតែករណីមួយចំនួន ដូចជា ការធ្វើដំណើរទៅទិញម្ហូបអាហារ ការធ្វើដំណើរទៅមន្ទីរពេទ្យ ការចុះយកសំណាករបស់មន្រ្តីសុខាភិបាល និងការងារចាំបាច់មួយចំនួនរបស់អាជ្ញាធរមូលដ្ឋានជាដើម។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមដែរថា ការបិទខ្ទប់នេះគឺដើម្បីធានាប្រសិទ្ធិភាពក្នុងការគ្រប់គ្រងស្ថានការណ៍ឆ្លងនៅតំបន់ទាំងនោះព្រោះថាតំបន់ទាំងនោះជាតំបន់ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ក្រោយមានការផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំលើកម្មករធ្វើការនៅរោងចក្រឌីនហាន។យ៉ាងណាមិញតាមការបញ្ជាក់បន្ថែមការបិទខ្ទប់ក្នុងតំបន់ទាំងនោះនឹងមិនមែនជាការបិទខ្ទប់ដើម្បីព្យាបាលអ្នកដែលមានវិជ្ជមានកូវីដ១៩នៅតាមផ្ទះនោះទេហើយក្នុងករណីអ្នករស់នៅក្នុងតំបន់នោះរកឃើញថាមានវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ពួកគេក៏នឹងត្រូវបញ្ជូនទៅព្យាបាលតាមមន្ទីរពេទ្យដែរ។រហូតដល់ម៉ោង០២:០០ល្ងាច ថ្ងៃទី១០មេសា២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន៤៧៧នាក់(ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ ៩៦នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ៤០៨១នាក់ចំនួនសំរាកពេទ្យ១៩៧០នាក់ និងចំនួនជាសះស្បើយសរុបកើន២០៨០នាក់ និងស្លាប់ថ្មី២នាក់សរុបស្លាប់២៦នាក់ ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕ 132 ចែករំលែក