បងប្អូនត្រូវអានអោយបានចប់!! ជិតចូលឆ្នាំ មែនទែនហើយ តែកុំបំពានបំរាម ការធ្វើដំណើរឆ្លងខេត្ត អោយសោះ ព្រោះអាចប្រឈមមុខជាប់ពន្ធនាគារដល់៥ឆ្នាំ
(ភ្នំពេញ)៖សូមបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងអំពីបញ្ហាច្បាប់!! នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយ តែ សូមបងប្អូនប្រជាពលរដ្ឋ យើងកុំលួចធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយទៀតអោយសោះ ព្រោះអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមានថា ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយជាបណ្តោះអាសន្ន ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺជា «វិធានការរដ្ឋបាល» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
លោក បន្តថា ហេតុនេះជនណាដែលមិនគោរព «វិធានការរដ្ឋបាល» ដោយចេតនា នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬ បណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត ដោយអនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
លោករដ្ឋលេខាធិការ គឹម សន្តិភាព ថ្លែងតាមបណ្តាញសង្គម Facebook នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ ថា «ចំពោះអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬ ការសម្រេចអំពើមិនគោរព «វិធានការរដ្ឋបាល» នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ អនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ»។
ដូច្នេះបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវតែគោរពច្បាប់នេះឲ្យបានទាំងអស់គ្នា៕