អភិបាលខេត្តកោះកុងបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត….
(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកោះកុងដូចខាងក្រោម៖
*ទី១-សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ស្តីពីការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនីមួយៗទូទាំងខេត្ត។
*ទី២-ការផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីដើម្បីបង្កើតយន្តការអនុវត្ត និងត្រួតពិនិត្យស្តីពីការពិន័យអន្តការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
*ទី៣-បញ្ហាផ្សេងៗ។
នាឱកាសនោះលោកជំទាវអភិបាលខេត្តក៏បានផ្តល់អនុសាសន៍ក្នុងការអនុវត្តបន្តមួយចំនួនផងដែររួមមាន៖
*បន្តនិងពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អ ដែលបាននឹងកំពុងប្រតិបត្តិ
*ធ្វើសម្រង់ស្ថិតិមធ្យោបាយ (យានយន្តដឹកជញ្ជូន) និងអត្តសញ្ញាណអ្នកបញ្ជាយានយន្ត ឲ្យបានច្បាស់លាស់ ហើយចំពោះស្ថិតិទូកនេសាទក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា នគរបាលវរការពារព្រំដែនទឹក ពន្លឿនការងារ និងផ្តល់ស្ថិតិមករដ្ឋបាលខេត្ត។
*ត្រូវរៀបចំនិងពង្រីកបន្ថែម មណ្ឌលចត្តាឡីស័កកម្រិត១ នៅតាមមូលដ្ឋានក្រុង ស្រុក ទូទាំងខេត្ត ហើយទន្ទឹមនឹងនោះ ត្រូវដាក់ស្នើជូនក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុង ស្រុកនីមួយៗ ពិនិត្យលទ្ធភាពក្នុងការជួយសម្របសម្រួល។
*ចំពោះរដ្ឋបាលក្រុង ស្រុក ដែលខ្វះកំលាំង ដើម្បីការពារ ចូលរួមថែរក្សាសុខសុវត្ថិភាព សុខុមាលភាព និងសន្តិសុខសាធារណ: ត្រូវធ្វើផែនការប្រើប្រាស់កម្លាំង និងដាក់ស្នើមកខេត្ត ឲ្យបានឆាប់រហ័សបំផុត។
*រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតក្រុមការងារ ដើម្បីចាត់ចែងអនុវត្ត ស្តីពីការពិន័យអន្តការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមូលដ្ឋានក្រុង ស្រុកនីមួយៗ ឲ្យបានល្អប្រសើរ និងជាការប្រញាប់៕