ករណីអគ្គីភ័យឆេះផ្ទះនៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យសមាជិកក្នុងគ្រួសារ ៦នាក់ បានស្លាប់រួមនិងកូនក្នុងផ្ទៃផងនោះ ត្រូវបានសមត្ថកិច្ចធ្វើការកំណត់ករណីនេះថា÷ ជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសជាប្តី
លោកឧត្តមសេនីយ៍ត្រី អ៊ៀ ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា÷ ចំពោះសាច់រឿងលំអិតនៃករណីនេះ សមត្ថកិច្ចជំនាញនឹងធ្វើសន្និសីទកាសែតជាសាធារណៈ នៅពេលក្រោយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវបានបញ្ចប់សព្វគ្រប់ហើយនោះ ។
សូមរំលឹកថា÷ កាលពីវេលាម៉ោង០៨និង៤០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងនៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រ×១២ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីឆេះខ្ទេចទាំងស្រុង ក្នុងហេតុការណ៍ឆេះផ្ទះនេះគឺមាន តែបុរសម្នាក់ឈ្មោះ នន់ សារ៉េត ដែលត្រូវជាប្តីដែលបានរួចខ្លួន ចំណែកប្រពន្ធនិងកូនចំនួន៦នាក់រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ក្នុងភ្នក់ភ្លើងទាំងអស់ ។
ក្រោយកើតហេតុការណ៍នេះសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយអង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ ហើយបានដាក់ការសង្ស័យថា ករណីនេះជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តីនិងឪពុករបស់ជនរងគ្រោះ។
បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យជា(ប្តី)ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តការស្រាវជ្រាវបន្ថែម ៕