ព័ត៌មានជាតិ សម្ដេចតេជោ ហ៊ុន សែន ស្តីបន្ទោសចំៗ ខ្លាំងៗ ទៅលើ ឯកឧត្តម វេង សុខុន និងហៅ រដ្ឋមន្ត្រីកសិកម្ម ថាជា «រដ្ឋមន្ត្រីជិះសេះមើលផ្កា» ចេញផ្សាយបន្ថែម ថ្ងៃទី 23 ខែ Feb ឆ្នាំ 2022 145 ចែករំលែក (ភ្នំពេញ )៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសខ្លាំងទៅកាន់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ ពិសេសករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញឲ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួងកសិកម្មបែរជាមិនចូលរួម។សម្តេចតេជោ ហ៊ុន សែន ក៏បានហៅ ឯកឧត្តម វេង សាខុន ថាជា «រដ្ឋមន្ត្រីជិះមើលផ្កា» ដោយសម្តេចលើកយកករណីការងាររបស់រដ្ឋមន្ត្រីរូបនោះ ដែលបានទៅចែកពូជស្រូវ ជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ដែលលោករដ្ឋមន្ត្រីចែកបានចំនួនតែ៣០០គ្រួសារប៉ុណ្ណោះ ហើយនៅសល់រាប់ពាន់គ្រួសារទៀតមិនទទួលបាន។ជុំវិញបញ្ហាសាច់ជ្រូកឡើងថ្លៃ និងការរៀបចំយន្តការដាក់ដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចារឲ្យក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការងារនេះឲ្យបានឆាប់ ដើម្បីជួយដល់អ្នកចិញ្ចឹមផង និងជួយដល់អ្នកហូបផងដែរ ទប់ស្កាត់អតិផរណា។សម្តេចតេជោ ហ៊ុន សែន រិះគន់ថាឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្រសួងសេដ្ឋកិច្ចបានអញ្ជើញទៅប្រជុំ ក៏មិនព្រមទៅប្រជុំដោះស្រាយដែរ។ សម្តេចតេជោ ហ៊ុន សែន ចោទសួររដ្ឋមន្រ្តីកសិកម្ម វេង សាខុន ថា «លោកឯងដោះស្រាយយ៉ាងម៉េច បានជាធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ?»!សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់រដ្ឋមន្រ្តីវេង សាខុន ជារបៀប «ជិះសេះមើលផ្កា» ហើយសម្តេចតឹងទ្រូងណាស់ជាមួយនឹងការងាររដ្ឋមន្រ្តី វេង សាខុន នេះ។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «គេហៅលោកឯងទៅប្រជុំ លោកឯង មិនព្រមទៅ ខ្ញុំបានមើលឃើញសំបុត្រតគ្នាទៅវិញទៅមក មើលលោកឯងចេះសហការបន្តិចមើល! ចំពោះមុខមានគណៈកម្មការគោលនយោបាយ និងហិរញ្ញវត្ថុមួយហើយ មិនមែនលោកឯងដឹកនាំក្រសួងកសិកម្មមួយហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា? ថ្ងៃមុនខ្ញុំក្តៅស្លឹកត្រចៀក ឲ្យធ្វើយូរហើយមិនព្រមធ្វើ ឲ្យជួបប្រជុំគ្នាបង្កើតគណៈកម្មការដេញថ្លៃ សម្រាប់គ្រប់គ្រងការនាំចូល។ លោកឯងនិយាយពី១០០% តែ១០០%នាំឲ្យសាច់ជ្រូកឡើងថ្លៃលោកដោះស្រាយយ៉ាងម៉េច? ខ្ញុំស្គាល់លោកឯងជាងអីទៀត រៀបធ្វើការឯកឧត្តម ប្រហែលជារបៀបជិះសេះមើលផ្កា […] ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ។ ខ្ញុំនៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន (វេង សាខុន) ខុនឯង តើខ្ញុំមិនដឹងឬយ៉ាងម៉េច?»។សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្ត្រីកសិកម្មថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស្តា ជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន ជាសមាជិកកិច្ចព្រមព្រៀងជ្រុងជ្រោយអាសិប ដូច្នេះកម្ពុជាមិនអាចយកវិធានការដាច់ដោយឡែក គឺបិទការទំនិញចេញនាំចូលបាននោះទេ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធបញ្ហាសាច់ជ្រូកនេះ មិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មាននាក់នោះទេ គឺត្រូវគ្រប់គ្រងអតិផរណាតម្លៃលើទីផ្សារផងដែរ។សូមជម្រាបថា ដើម្បីការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ដែលជាអ្នកហូបសាច់ជ្រូកប្រចាំថ្ងៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគំនិតផ្ដួចផ្ដើមរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជានេះ នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។ ជាគោលការណ៍រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល។ការបង្កើតយន្តការដាក់ដេញថ្លៃនេះ ត្រូវបានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយអ្នកជំនាញឯករាជ្យ បានសិក្សាយ៉ាងលម្អិត និងស៉ីជម្រៅជុំវិញវិញភាពមិនប្រក្រតីនៃតម្លៃសាច់ជ្រូករស់ និងតម្លៃសាច់ជ្រូកលើទីផ្សារ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្លាប់តែចេញគោលការណ៍ឲ្យក្រុមហ៊ុននាំចូលជ្រូករស់ ដោយគ្មានយន្តការដាក់ដេញថ្លៃនោះ រួមជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចេញមកជំទាស់យ៉ាងដាច់អហង្ការ ដោយហេតុផលមួយចំនួន។ អ្វីដែលកាន់តែចាប់អារម្មណ៍ទោះបីជាក្រសួងសេដ្ឋកិច្ច អញ្ជើញក្រសួងកសិកម្ម ដើម្បីចូលរួមប្រជុំដោះសា្រយ តែក្រសួងកសិកម្មបែរជាមិនព្រមចូលរួមទៅវិញ៕ប្រភពពីTMN 145 ចែករំលែក