ព័ត៌មានជាតិ កិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបតិ្ដការ អនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងសាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញផ្សាយបន្ថែម ថ្ងៃទី 22 ខែ Aug ឆ្នាំ 2022 23 ចែករំលែក កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាដំបូងខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបតិ្ដការ អនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងសាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ។កិច្ចប្រជុំខាងលេីនេះប្រព្រឹត្តទៅក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងមានការអញ្ជើញចូលរួម ប្រតិភូអមដំណើរគណៈអធិបតីពី សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា, ឯកឧត្តមប្រធានសាលាដំបូង លោកអនុប្រធានសាលាដំបូង, លោក-លោកស្រីព្រះរាជអាជ្ញារង, លោក-លោកស្រីចៅក្រម, មន្រ្តីនគរបាលយុត្តិធម និង ប្រធានអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានមានមតិស្វាគមន៍ជូន ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ភ្នំពេញ ។ ជាមួយគនានេះ ឯកឧត្តមលើកឡើងថា ការចុះមកផ្ទាល់របស់ឯកឧត្តមគណអធិបតីបានសរបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើ្បម្បីចុះមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងផ្ទាល់ ក្នុងគោលបំណងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់របស់មន្រ្តីនគរបាលយុត្តិធម៌ ជាមួយស្ថាប័នតុលាការ អោយបានកាន់តែប្រសើរឡើង។ ក្នុងនាមមន្រ្តីនគរបាលយុត្តិធម៌ត្រូវបង្កើនកិច្ចសហការឱ្យបានល្អជាមួយស្ថាប័នតុលាការ ធ្វើយ៉ាងណាដើម្បីឱ្យការអនុវត្តនីតិវិធីបានត្រឹមត្រូវតាមច្បាប់ ជៀសវាងមានកំហុសផ្នែកនីតិវិធី ដូច្នេះរាល់កិច្ចការងារទាំងអស់ដែលមិនច្បាស់ត្រូវសុំយោបល់ព្រះរាជអាជ្ញា ឬខាងតុលាការ ដើម្បីកុំឱ្យកិច្ចនីតិវិធីដែលយើងធ្វើអាចត្រូវបានមោឃភាព និងជាពិសេសធ្វើយ៉ាងណាបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងចំពោះប្រជាពលរដ្ឋមកលើវិស័យយុត្តិធម៌នៅក្នុងខេត្តកំពង់ឆ្នាំង យើងនេះ។ឯកឧត្តម សេង ស៊ីវុត្ថា មានប្រសាសន៍ថាការរៀបចំកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបន្ដពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងជាជំនួបពិភាក្សា ស្វែងរកដំណោះស្រាយនានា ដើម្បីធ្វើយ៉ាងឱ្យការបម្រើសេវាយុត្តិធម៍ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង ស្របនឹងនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៍ របស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន បើពុំដូច្នេះទេ កិច្ចដែលយើងធ្វើនឹងនាំឱ្យមានមោឃភាព ឬទទួលនូវទណ្ឌកម្មវិន័យ ដូចដែលព្រះរាជអាជ្ញាលើកឡើងពីខាងលើ។ ជាពិសេសពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនានា ក្នុងដែនសមត្ថកិច្ច ចាំបាច់ត្រូវរាយការណ៍មកព្រះរាជអាជ្ញាជាបន្ទាន់ ហើយព្រះរាជអាជ្ញា មានសិទ្ធិអំណាចក្នុងការបញ្ជាឱ្យមន្រ្តី នគរបាលយុត្តិធម៌នៃអង្គភាពណាមួយដែលគាត់ទុកចិត្តឱ្យទៅបង្រាបបទល្មើសនានាបាន។ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អគ្គព្រះរាជអាជ្ញា និងប្រតិភូអមដំណើរ មានមតិផ្តាំផ្ញើរ និងកោតសរសើរ ដល់ការីកចម្រើនរបស់ស្ថាប័នតុលាការនិងអយ្យការខេត្តកំពង់ឆ្នាំងក្នុងរយៈពេលខ្លី តាំងពីព្រះរាជអាជ្ញា និងប្រធានសាលាដំបូងមកកាន់តំណែងទីនេះ បានរួមគ្នាអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធកន្លែងធ្វើការបានស្អាតមានផាលសុខភាពល្អ និងមានសណ្តាប់ធ្នាប់ ទាំងកិច្ចការចំណាត់ការលើសំណុំរឿងកកស្ទះកន្លងមកក៏ល្អប្រសើរ និងពិសេសមានកិច្ចសហការល្អរវាងមន្រ្តីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំងដោយពុំដែលមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ 23 ចែករំលែក