សូមត្រេកអរ!! អភិបាលខេត្តកំពង់ឆ្នាំងគ្រោងនឹងបង្កើតជាភូមិមួយមានឈ្មោះថា (ភូមិសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)
កំពង់ឆ្នាំង៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា តំបន់ខាងលើនេះ ក្រុមការងារបាននឹងកំពុងរៀបចំបង្កើតជាភូមិមានឈ្មោះថា (ភូមិសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)។
ជាមួយគ្នានោះ ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធ បានណែនាំដល់ក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ជំរុញការងាររៀបចំទីតាំងដី និងសាងសង់ផ្ទះជូនអតីតយុទ្ធជន ឲ្យបានរួចរាល់ តាមផែនការកំណត់។
គួររំលឹកថា កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមប្រធានគណៈអភិវឌ្ឍន៍សមាគមអតីតយុទ្ធជនកម្ពុជា អភិបាលរងខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ឆ្នាំង ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រចាំការនៅតំបន់នោះ៕