ព័ត៌មានជាតិ អយុត្តិធម៌ណាស់.!ប្រជាពលរដ្ឋ២០ គ្រួសារ រស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាវែង កំពុងប្រឈមរងគ្រោះបាត់បង់ដីធ្លី.! ខណ:ពួកគាត់អះអាងថា លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ធ្វើការដកហូតដីរបស់ពួកគាត់ និងប្ដឹងគំរាមចាប់ដាក់គុកគ្រប់ពេលវេលា.! ចេញផ្សាយបន្ថែម ថ្ងៃទី 21 ខែ Dec ឆ្នាំ 2022 22 ចែករំលែក (ខេត្តពោធិ៍សាត់)÷ប្រជាពលរដ្ឋបានអះអាងថា ដីរបស់ពួកគាត់ជាដីភូមិចាស់ មានដើមត្នោត មានដើមស្វាយ មានដីស្រែ ដែលគាត់បានទិញពីម្ចាស់ដើមត្រឹមត្រូវ។សូមបញ្ជាក់ថា ទីតាំងដីនេះ នៅជាប់ផ្លូវជាតិ៥៥ ត្រង់ចំណុចចន្លោះនិយាមកាលេខ 309892 _ 1369157 និងលេខ 309447 _1369204 ហើយមានផ្ទះប្រជាពលរដ្ឋរស់នៅជុំវិញ ព្រមទាំងប្រជាពលរដ្ឋម្ចាស់ដី ២០គ្រួសារ បានរស់នៅ និងអាស្រ័យផល មានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លី ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ,ឃុំ និងមានបង្កាន់ដៃទទួលពាក្យ ចេញដោយប្រធានការិយាល័យភូមិបាលស្រុកតាំងពីចុងឆ្នាំ១៩៩៩ និងឆ្នាំ២០០០មកម្លេះ(ប្លង់ទុន)ស្របច្បាប់ តែអកុសលលុះមកដល់ចុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ មានមន្ត្រីបរិស្ថាន បានធ្វើការដកហូតដីរបស់ពួកគាត់ និងបានប្ដឹងប្រជាពលរដ្ឋទាំង ២០គ្រួសារ ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ គំរាមចាប់ដាក់គុកគ្រប់ពេលវេលា។-យោង: បង្កាន់ដៃទទួលពាក្យ កាន់កាប់ដីធ្លីលេខ: ០០១៤៦ ម្ចាស់ឈ្មោះ ទុយ ឃន, បង្កាន់ដៃលេខ: ០០១៥១ម្ចាស់ឈ្មោះ ជា គីម, បង្កាន់ដៃលេខ: ០៥៩៣ ម្ចាស់ឈ្មោះ អុឹម ស៊ីម,បង្កាន់ដៃលេខ: ០០១៥២ ម្ចាស់ឈ្មោះ កែវ ប៊ុនធឿន, បង្កាន់ដៃលេខ: ០០១៤៨ ម្ចាស់ឈ្មោះ ទុយ សាក់ និងជាង១០ប័ណទៀត ចុះថ្ងៃផ្សេងៗគ្នា ក្នុងឆ្នាំ១៩៩៩ ចុះហត្ថលេខាដោយ ប្រធានការិយាល័យស្រុកលោក រុន សារ៉ាន់។ និងមានលិខិតបញ្ជាក់ជាច្រើនច្បាប់ទៀតរបស់អាជ្ញាធរ ភូមិស្ទឹងថ្មី និងឃុំប្រម៉ោយ ស្រុកវាលវែង។-តំណាងប្រជាពលរដ្ឋ២០ គ្រួសារបានបន្តថា ក្រោយពួកគាត់រុះរើក្រោលគោនិងបានចាក់ដី ដើម្បីសង់លំនៅដ្ឋាន រស់នៅ ឆ្នាំ២០២២ក៏ស្រាប់តែមានកម្លាំងមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ចុះមកហាមឃាត់ ថែមទាំងប្ដឹងពួកគាត់ទាំង២០គ្រួសារទៅកាន់សាលាដំបូងខេត្ត ដោយចោទប្រកាន់ថាពួកគាត់កាប់ទន្ទ្រានដើមឈើធ្នង់ឬឈើមានតម្លៃ ព្រមទាំងធ្វើការគំរាមកំហែងចាប់ដាក់គុកឥតល្ហែ។-ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ បើយោង សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានអះអាងថា ថ្មីៗនេះបុគ្គលឈ្មោះ ឱក ពុទ្ធី ភេទស្រី ដែលបានចេញមកទាមទារកាន់កាប់ដីធ្លី ថែមទាំងធ្វើសកម្មភាពលក់ដូរដីធ្លី និងរៀបចំលិខិតផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិរក្សដោយខុសច្បាប់ នៅចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាវែង ខេត្តពោធិ៍សាត់។ដែលជាដីព្រៃរបស់រដ្ឋស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស បង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលបានផ្ដល់សមត្ថកិច្ចជូនក្រសួងបរិស្ថានគ្រប់គ្រងនិងអភិរក្ស។ចំពោះករណីនេះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏បានគូសបញ្ជាក់ ត្រង់ចំណុច១.ថា នៅឆ្នាំ២០០៦ អ្នកស្រី ឱក ពុទ្ធី បានទិញដីព្រៃដោយខុសច្បាប់ នៅក្នុងដែនជំរកសត្វព្រៃភ្នំសំកុក គ្រប់គ្រងអភិរក្សដោយក្រសួងបរិស្ថាន និងដីគម្របព្រៃឈើដែលគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយបច្ចុប្បន្នផ្ទៃដីនេះ ត្រូវបានផ្ទេរការគ្រប់គ្រងមកក្រសួងបរិស្ថានវិញ ស្ថិតនៅក្នុងរបៀងជីវ:ចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិទំហំ ៥០ហិកតា នៅចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាវែង ខេត្តពោធិ៍សាត់។-ដោយឡែកប្រភព ពីមន្ត្រីរាជការ ក្នុងរដ្ឋបាលស្រុកវាលវែង ដែលលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានដាក់ជាសំនួរថា តើលោកប្រធានមន្ទីរបរិស្ថានលោក គង់ ពុទ្ធីរ៉ា ពិតជាបានសិក្សាឲ្យបានស៊ីជម្រៅហើយឬនៅ.? ថាស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ បង្កើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៨ គឺក្រោយសមាហរណកម្ម(ខ្មែរក្រហមផ្ដាច់ខ្លួន)ដោយអនុវត្តតាមយុទ្ធសាស្ត្រឈ្នះឈ្នះ.! របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព របស់កម្ពុជា។-ស្រុកវាលវែងមាន៥ឃុំ គឺ១.ឃុំប្រម៉ោយ ,២ឃុំក្រពើពី ,៣ឃុំអូរសោម ,៤ឃុំអន្លង់រាប និងឃុំថ្មដា។ការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្រុកវាលវែងទាំងមូល គឺផ្ទៃដីមួយភាគធំ កាត់ឈ្វៀលចេញដីព្រៃរបស់រដ្ឋស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ។ប្រភពបានខ្សឹបប្រាប់អង្គភាពព័ត៌មានយើងបញ្ជាក់ថា ទីតាំងដីនឹង មិនមានដើមឈើធំៗទេ តាំងពីដើមមក ដីនេះ ពួកគាត់បានទិញពី ប្រជាពលរដ្ឋម្ចាស់ដើម បានមកពីរបបដោះមីនផ្លូវលេខ៥៥ គាត់ទិញតាំងពីឆ្នាំ២០០៤ និង២០០៥ ហើយបានរស់នៅ និងអាស្រ័យផល ដោយធ្វើជាក្រោយចិញ្ចឹមសត្វគោ។ មន្ត្រីរាជការនៅក្នុងរដ្ឋបាលស្រុក វាលវែង បានសំដែងនូវការសោកស្ដាយថា ពិតជាអយុត្តិធម៌ចំពោះប្រជាពលរដ្ឋណាស់ ប៉ុន្តែរឿងករណីទំនាស់ដីធ្លីនេះ វាហួសទៅនឹងសមត្ថភាពរបស់រដ្ឋបាលស្រុកវាលវែង។យោងលិខិតក្រុមប្រឹក្សា ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លេខ: ២៣៦/០៩ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩ ដោយមានការចូលរួមពី-លោក សាន ចាន្ធី អតីតមេឃុំប្រម៉ោយ។-លោក ចាន់ ថន អតីតប្រធានការិយាល័យកសិកម្មស្រុកវាលវែង។-លោក ឈឹម ឈៀង អតិតប្រធានការិយាល័យភូមិបាលស្រុកវាលវែង។-លោក គឹម ណារ៉ា អតីតនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំការស្រុកវាលវែង។-លោក អួន យ៉ង់ អតីតអភិបាលនៃគណៈអភិបាលស្រុកវាលវែង។-លោក ពេជ ហន អតីតអភិបាលរងទី១ខេត្តពោធិ៍សាត់។ស្ដីពីការបញ្ជាក់ដីសាងសង់ក្រោលគោ តាមលិខិតស្នើសុំចិញ្ចឹមគោពូជចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចស្រែពាំង ក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាវែង ខេត្តពោធិ៍សាត់ ។បញ្ជាក់ថា ១,ដីសាងសង់ក្រោលគោនេះ ជាចំណុចភូមិចាស់ ពីដើមដោយមានវាលស្រែ, ភ្លឺស្រែ, ដើមស្វាយ, ដើមត្នោត តាំងពីសង្គមនិងនៅជាប់ផ្លូវលេខ៥៦ ជាលក្ខណៈដីសម្បទាន សង្គមកិច្ចរបស់ឃុំ និងស្រុក សមស្រប តាមគោលនយោបាយសមារណកម្ម របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំស្រុកវាលវែង។-២,បញ្ជាក់ពីបង្គោលដាក់សម្គាល់រវាងអង្គការអេហ្វា អេហ្វាអាយ និងរដ្ឋបាលព្រៃឈើ កាលពីស្នើសុំនោះ បានដាក់ត្រង់ចំណុចខាងត្បូងក្បាលស្ពានភូមិស្រែពាំងចាស់(ភូមិដើមស្វាយបច្ចុប្បន្ន)។ដែលមានផ្លូវចាស់លេខ៥៦ និងផ្លូវលេខ៤១០ ជួបគ្នាមានព្រុំ មិនមែន បង្គោលរាល់ថ្ងៃនេះទេ ព្រោះបង្គោលនេះទើបតែដាក់ខែតុលាឆ្នាំ២០០៧ ។ជុំវិញការលើកឡើង ខាងលើ និងដើម្បីទទួលបាននូវរាល់ព័ត៌មានពិត សុក្រិត យុត្តិធម៌ និងដើម្បីបញ្ជៀសនូវការភាន់ច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីភាគីពាក់ព័ន្ធបន្ថែមទៀត ជាពិសេស ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី ដែលអង្គភាពសារព័ត៌មានយើងខ្ញុំ សូមស្វាគមន៍រង់ចាំទទួលនូវការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។បើទោះយ៉ាងណាប្រជាពលរដ្ឋទាំង២០ គ្រួសារ ខាងលើ បានអំពាវនាវ តាមរយៈសារព័ត៌មាន សូមគោរព សុំកិច្វអន្តរាគមន៍ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សុរិយោដី សុំមេត្តាជួយអន្តរាគមន៍ ដោះស្រាយដោយក្ដីអនុគ្រោះផងចុះ៕ 22 ចែករំលែក