ព័ត៌មានជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាល ដល់មន្ដ្រីសុខាភិបាល ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ក្នុងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចេញផ្សាយបន្ថែម ថ្ងៃទី 23 ខែ Jun ឆ្នាំ 2023 11 ចែករំលែក (ខេត្តកំពង់ឆ្នាំង) ៖ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ ចំនួន២៨៨រូប ដែលបានរួមចុះណែកក្នុងការប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និង លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងនូវការអបអរសាទរជាមួយមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ដែលបានទទួលនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលដោយបានប្រគល់នូវប័ណ្ណសរសើរ ដែលជាកិច្ចតបស្នងរបស់ក្រុមគ្រូពេទ្យនិង មន្រ្តីសុខាភិបាលទាំងអស់ដែលបាន ចូលរួមយ៉ាងសកម្ម ក្នុងអំឡុងនៃយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ។ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងដែលប្រទសកម្ពុជា ត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទកភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល។ សមិទ្ធផលគួរឲ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិនោះ គឺការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រប្រកបដោយប្រសិទ្ធភាព ។ឯកឧត្តមសូមសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ដែលបានចូលរួមសហការក្នុងការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវ័ន្តទោះបីជានៅទូទាំងប្រទេសបានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ។ឯកឧត្តមបន្ថែមថា សេវាសុខាភិបាល សាធារណៈកាន់តែទទួលបានទំនុកចិត្តពីប្រជាជន តែយើងក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេស ក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការ ដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងគាំទ្រសេវារបស់យើង ៕ 11 ចែករំលែក