ព័ត៌មានជាតិ កូនគេ..កូនយើង..មិនគួរណាសប្បាយក្លាយជាទុក្ខសោះឡើយ.. បងប្អូនអើយផ្អាកដើរលេងសិនទៅរដូវភ្លៀងខ្លាំងចឹង.. ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Jul ឆ្នាំ 2023 29 ចែករំលែក (ខេត្តកំពត)៖មិនគួរពាសប្បាយក្លាយជាទុក្ខសោះឡើយ..សមត្ថកិច្ចបានជួយសង្គ្រោះអ្នកទេសចរចំនួនជាង៤០នាក់មកដល់កន្លែងមានសុវត្ថិភាព ចំណែកមនុស្ស៤នាក់ដែលបាត់ខ្លួន បានរកឃើញ៣នាក់ ក្នុងនោះ២នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកនារីម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងតាមរក។លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានចុះពិនិត្យទីតាំងដែលកងកម្លាំងសមត្ថកិច្ចកំពុងរុករកជនរងគ្រោះ និងជួយសង្គ្រោះអ្នកទេសចរណ៏មួយចំនួន ដែលបានទៅបោះតង់នៅលើជ្រោះឱម៉ាល់ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀង។សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣វេលាម៉ោង១៤និង០០នាទី មានភ្ញៀវទេសចរណ៍ជនជាតិខ្មែរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ អញ្ជើញមកពីភ្នំពេញ និងខេត្តតាកែវ មកបោះតង់សម្រាកនៅអមសងខាងជ្រោះឱម៉ាល់ លុះដល់ម៉ោងប្រមាណ ៤ និង ៣០ នាទីទៀបភ្លឺ ក៏មានភ្លៀងមួយមេយ៉ាងធំបណ្ដាលអោយទឹកជ្រុះខាងលើធ្លាក់មកខ្លាំង បោកបក់មកលើតង់ និងមនុស្សធ្លាក់ក្នុងទឹកជ្រោះ បណ្តាលឲ្យស្លាប់ចំនួន០១នាក់ឈ្មោះកែន ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។បាត់ខ្លួនចំនួន ០១នាក់ ឈ្មោះផន ស្រីខួច ភេទស្រី អាយុ១៩ឆ្នាំនៅ ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតកែវ។ របួសចំនួន០២នាក់៖ ១.ឈ្មោះសុង ទីមធន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតកែវ។ ២. ឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ ភេទប្រុស អាយុ២២ឆ្នាំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ចំពោះសពនារីម្នាក់ សមត្ថកិច្ចបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ 29 ចែករំលែក