ព័ត៌មានជាតិ ថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ចូន ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី.. ចេញផ្សាយបន្ថែម ថ្ងៃទី 6 ខែ Sep ឆ្នាំ 2023 32 ចែករំលែក មណ្ឌលគិរី៖ ដោយស្ថានភាពមេឃធ្លាក់ភ្លៀងខ្លាំងផ្លូវវៀងនៅចំណុចអូរងើយត្រូវបានខូចខាតម្ដងទៀត។ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី និងអាជ្ញាធរស្រុកអូររាំង បានចុះពិនិត្យស្ថានភាព កំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុត ត្រង់គ.ម៩៣+៩០០ ដល់គ.ម៩៤+៤០០ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង។ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ ត្រង់ចំណុចអូរងើយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី។ ឯកឧត្តម បញ្ជាក់ថា ការចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម របស់ក្រុមការងារក្រសួងនាពេលនេះ ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កន្លងទៅនេះ មានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ អំឡុងពេលដែលកំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការខូចខាតខាងលើ នឹងត្រូវជួសជុលស្ថាបនាឡើងវិញក្នុងជំហានបន្តបន្ទាប់ពីការសិក្សាពិនិត្យលទ្ធភាព។លោក ងិន សុវិមាន អភិបាលខេត្តមណ្ឌលគិរីស្តីទី បានបញ្ជាក់ថា ក្រោយមានហេតុការណ៍បាក់ស្រុតផ្លូវជាតិចំណុចអូរងើយ កាលពីថ្ងៃទី០១ សីហា ២០២៣ រដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ឋ បានខិតខំធ្វើផ្លូវវាងថ្មីដើម្បីសម្រួលការធ្វើចរាចរណ៍របស់ ប្រជាពលរដ្ឋជាបណ្តោះអាសន្ន។លោក ងិន សុវិមាន បន្តថា ថ្មីៗនេះ ចាប់ពីថ្ងៃទី០២ កញ្ញា ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញលិខិតជូនដំណឹងផ្អាករថយន្ត ខ្នាតធំគ្រប់ប្រភេទ មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ចំនុចខាងលើមួយរយៈ ព្រោះតែបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ជោគជាំរាល់ថ្ងៃ បណ្តាលឲ្យផ្លូវវាងថ្មី ជាប់ផុងខ្លាំងមិនអាចឲ្យរថយន្តខ្នាតធំឆ្លងកាត់បាន ដោយឡែក សម្រាប់រថយន្តប្រភេទទេសចរណ៍ រថយន្ត ខ្នាតគ្រួសារ អាចធ្វើដំណើរបានជាធម្មតា៕(ប្រភពមន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី)។ 32 ចែករំលែក