ព័ត៌មានជាតិ រឿងដីធ្លីអូសបន្លាយជាង២០ ឆ្នាំ ពលរដ្ឋ២គ្រួសារ មានសមាជិកជាង២០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្នើសុំថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ជួយដោះស្រាយវិវាទដីធ្លីជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង.. ចេញផ្សាយបន្ថែម ថ្ងៃទី 2 ខែ Oct ឆ្នាំ 2023 65 ចែករំលែក (កំពង់ឆ្នាំង)៖ ពលរដ្ឋ២គ្រួសារមានសមាជិកជាង២០នាក់ ដែលកំពុងរងគ្រោះរឿងដីធ្លីអស់រយៈពេលជាង២០ឆ្នាំកន្លងមក ជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ជាថ្មីម្ដងទៀត បានអង្វរស្នើសុំដល់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ មេត្តាជួយផ្ដល់យុត្តិធម៌ជូនពួកគាត់ ដែលជាជនរងគ្រោះពិតប្រាកដរយៈពេលជាច្រើនឆ្នាំកន្លងមក។តាមការរៀបរាប់ពីពលរដ្ឋដែលអះអាងថាជាម្ចាស់ដីបានឲ្យដឹងថា ដីរបស់ពួកគាត់ដែលកំពុងមានវិវាទនេះ គឺមានទាំងលិខិតកាន់កាប់ស្របច្បាប់ត្រឹមត្រូវ ទទួលស្គាល់ដោយការិយាល័យកសិកម្មស្រុក លេខ១៤៩០ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងបង្កាន់ដៃបង់ពន្ធជូនរដ្ឋ ឆ្នាំ១៩៨៩ របស់ ការិយាល័យកសិកម្មស្រុកកំពង់ត្រឡាច និងមានលិខិតបញ្ជាក់គល់បញ្ជីលេខ ៦៤/១២ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ របស់ការិយាល័យភូមិបាលស្រុកកំពង់ត្រឡាច ដែលមានចុះហត្ថលេខាដោយលោក ស៊ូ ភិរិន្ទ អតីតអភិបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ និងមានគល់បញ្ជីនៅការិយាល័យ ដ.ន.ស.ភ ក្នុងស្រុកកំពង់ត្រឡាច តាំងពីឆ្នាំ១៩៨៩ទៀតផង។មិនតែប៉ុណ្ណោះដីរបស់ពួកគាត់ទាំងពីរគ្រួសារនេះ ក៏មានការទទួលស្គាល់ជាលាយលក្ខណ៍អក្សរ ពីអាជ្ញាធរភូមិឃុំស្រុក និងលោកអភិបាលខេត្តបច្ចុប្បន្នមានទាំងការបញ្ជាក់ពីមន្ត្រីជំនាញភូមិបាលស្រុកត្រឹមត្រូវតាមច្បាប់។ ពិសេ សមានការផ្ដិតស្នាមមេដៃធ្វើជាសាក្សីដឹងឮ ពីអាជ្ញាភូមិអនុភូមិ សមាជិកភូមិទាំង៦ភូមិ និងប្រជាពលរដ្ឋរាប់រយគ្រួសារធ្វើជាសាក្សីដឹងឮថា ដីនេះគឺពិតជាដីរបស់លោកមេភូមិ និងលោកយាយ នី សាលីខ ដែលបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ពិតប្រាកដមែន។ពលរដ្ឋទាំងពីរគ្រួសារខាងលើនេះរួមមាន៖*ទី១៖ ឈ្មោះ លី លាស់ ភេទប្រុស អាយុ៦៦ឆ្នាំ ជាមេភូមិអូររូង តាំងពីឆ្នាំ១៩៧៩ (បច្ចុប្បន្នស្លាប់) គាត់ទើបតែស្លាប់អំឡុងខែកក្កដា ឆ្នាំ២០២៣*ទី២៖ ឈ្មោះ នី សា លីខ ភេទស្រី អាយុ៧៣ឆ្នាំ។ ពលរដ្ឋទាំងពីរគ្រួសារនេះ មានទីលំនៅក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពួកគាត់មានដីនៅជាប់គ្នាសរុបទំហំប្រមាណជិត១ហិកតា ស្ថិតក្នុងភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច។បើតាមការរៀបរាប់របស់លោកពូ លី លាស់ ជាមេភូមិ នៅមុនពេលគាត់ស្លាប់ និងលោក យាយ នី សាលីខ បានឲ្យដឹងថា ដីនេះពួកគាត់បានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩រហូតមក លុះនៅឆ្នាំ១៩៩០លោក ជូ បៀ ង តំណាងអង្គការ (ខុនសឺន) បានមកខ្ចីដីពួកគាត់ទាំងពីរម្ចាស់នេះ ដើម្បីធ្វើថ្នាលបណ្ដុះកូនឈើ។ កាលណោះក៏មានអតីតលោកអភិបាលស្រុកកំពង់ត្រឡាច អតីតលោកមេឃុំ និងក្រុមការងារមន្ត្រីស្រុកមួយចំនួនទៀត បាននាំអង្គការខាងលើនេះមកខ្ចីដីពីពួកគាត់ដោយផ្ទាល់ ដោយមិនបានធ្វើកិច្ចសន្យា ឬក្រដាសស្នាមអ្វីនោះទេ តែអាជ្ញាធរតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ដឹងឮគ្រប់ៗគ្នា។ លុះនៅឆ្នាំ២០០៧ អង្គការ (ខុនសឺន) ក៏បានបញ្ចប់ការងារបណ្ដុះកូនឈើនៅលើដីរបស់ពួកគាត់ ហើយពួកគាត់ក៏បានយកដីរបស់ពួកគាត់មកកាន់កាប់នឹងអាស្រ័យផលជាធម្មតាវិញ។លុះនៅឆ្នាំ២០១១ ក៏ស្រាប់តែលោក ស៊ិន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង មកអះអាងថា ដីនេះជាដីរបស់រដ្ឋបាលព្រៃឈើជាអ្នកគ្រប់គ្រង ព្រោះដីរដ្ឋបាលព្រៃឈើនៅទីនេះមានចំនួនរហូតដល់ ៤០០ហិកតារាប់ ទាំងដីថ្នាល់បណ្ដុះកូនឈើនេះផង ដែលរដ្ឋបាលព្រៃឈើបានស្នើសុំកាន់កាប់តាំងពីឆ្នាំ១៩៨៩ ពេលនោះលោក ស៉ិន កុសល ក៏បានបង្ហាញលិខិតកាន់កាប់ដីមួយច្បាប់មានទំហំមួយហិកតា ដែលលោកមេឃុំចេញឲ្យលោក ស៉ិន កុសល កាន់កាប់លើដីរបស់ពួកគាត់ទាំងពីរនាក់។ ពេលនោះលោក ស៊ិន កុសល ថែមទាំងបានអះអាងថា ដីនេះជាដីព្រៃឈើរបស់រដ្ឋដែលស្ថិតក្នុងដីទំហំ៤០០ហិកតា ដែលរដ្ឋបាលព្រៃឈើបានស្នើសុំគ្រប់គ្រងតាំងពីឆ្នាំ១៩៨ ៩មកម្ល៉េះ។ ដោយឡែកក្នុងពាក្យកាន់កាប់ដីទំហំមួយម៉ឺនម៉ែត្រការ៉េនោះ បែរជាឃើញដាក់ថា (ដីសាងសង់លំនៅឋាន) និងដី (រដ្ឋឲ្យ) ហើយមកអះអាងថា ជាដីព្រៃឈើរបស់រដ្ឋទៅវិញ។មិនតែប៉ុណ្ណោះលោក ស៉ិន កុសល បានប្ដឹងពលរដ្ឋទាំងពីរគ្រួសារនេះទៅតុលាការ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៧ (ពីបទរំលោភកាន់កាប់ដីស្ថានីយដាំដើមឈើ) តែសំណុំរឿងនេះត្រូវបានតុលាការតម្កល់មិនចាត់ការ ដោយសារតែភាគីខណ្ឌរដ្ឋបាលព្រៃឈើ ដែលជាដើមបណ្ដឹងមិនមានឯកសារណាមួយ ដើម្បីដាក់បន្ទុកទៅលើពលរដ្ឋពីរគ្រួសារខាងលើនេះ។កន្លងមកពួកគាត់ក៏បានស្នើសុំឲ្យអាជ្ញាធរឃុំ ស្រុក ខេត្ត និងស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយជូនពួកគាត់តាំងពីឆ្នាំ២០១១រហូតមក ដោយឡែកនៅអំឡុងខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចារចំណារលើពាក្យស្នើសុំដោះស្រាយវិវាទដីធ្លីមួយច្បាប់របស់លោកមេភូមិអូរូង និងលោកយាយ នី សាលីខ ដែលជាម្ចាស់ដី។លោកអភិបាលខេត្តក៏បានចាត់ឲ្យលោកអភិបាលរងខេត្តម្នាក់ ចុះទៅធ្វើការដោះស្រាយករណីវិវាទខាងលើនេះម្ដងរួចមកហើយដែរ។ តែភាគីខណ្ឌរដ្ឋបាលព្រៃឈើលោក ពារ គឹមហេង នៅតែមិនយល់ព្រមប្រគល់ដីនោះ ជូនមកប្រជាពលរដ្ឋវិញ។ ដោយលោកនៅតែអាងថា ទាល់តែមានការអនុញ្ញាតពីថ្នាក់លើ ទើបលោកព្រមប្រគល់ឱ្យករណីវិវាទនេះ បានអូសបន្លាយរហូតដល់បច្ចុប្បន្ននេះ ចំណែកលោកមេភូមិជាម្ចាស់ដី ក៏បានស្លាប់បា ត់បង់ជីវិតកាលពីពេលថ្មីៗកន្លងទៅនេះទាំងបិទភ្នែកមិនជិត។ពាក់ព័ន្ធករណីនេះដែរ បន្ទាប់ពីលោក ស៉ិន កុសល អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចូលនិវត្ត អង្គភាពព័ត៌មាន Fresh News ក៏ធ្លាប់បានធ្វើការទំនាក់ទំនងជាមួយលោក ពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើកំព ង់ឆ្នាំងម្ដងរួចមកហើយដែរ។ កាលណោះលោកបានបញ្ជាក់ថា ក្នុងនាមលោកជាមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ គឺលោកមានតួនាទីការពារ និងថែរក្សាសម្បត្តិរបស់រដ្ឋ ដូច្នេះលោកមិនមានសិទ្ធិ និងប្រគល់ដីណាមួយដែលជារបស់រដ្ឋ ទៅឲ្យប្រជាពលរដ្ឋនោះទេ មានតែថ្នាក់លើទេ ទើបអាចសម្រេចបាន។លោកបានបញ្ជាក់ទៀតថា ដីនៅតំបន់នោះ គឺស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច រដ្ឋបាលព្រៃឈើបានស្នើសុំមកគ្រប់គ្រងជាដីព្រៃឈើរបស់រដ្ឋ តាំងពីឆ្នាំ១៩៨៩មានចំនួន៤០០ហិកតា។ លោកថា បើទោះជាដីទាំង អស់នោះបច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋតាំងទីលំនៅកកើតទៅជាភូមិដ្ឋានតាំងពីឆ្នាំ១៩៧៩ អស់ហើយក៏ដោយ ក៏លោកនឹងស្នើសុំទៅថ្នាក់លើដើម្បីយកដីទាំង៤០០ហិកតា មកគ្រប់គ្រងវិញ តែករណីនេះក៏អាស្រ័យទៅលើការសម្រេ ចពីរាជរដ្ឋាភិបាលផងដែរ។ជុំវិញករណីខាងលើនេះ បើយោងទៅលើលិខិតមួយច្បាប់របស់រដ្ឋបាលស្រុកកំពុងត្រឡាចរបស់លោក ឈឹម វុទ្ធា ជាអភិបាលស្រុក (បច្ចុប្បន្នលោកជាអភិបាលរងខេត្តកំពង់ឆ្នាំង)។ លិខិតនោះលោកអភិបាលស្រុក បានស្នើសុំ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងដើម្បីជម្រះ បញ្ជីដីធ្លីរបស់ខណ្ឌរដ្ឋបាលព្រៃឈើចំនួន៤០០ហិតា និងដីថ្នាលបណ្ដុះកូនឈើដែលស្ថិតនៅក្នុងតំបន់ភូមិអូររូង និងភូមិស្ដុកលិច ក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាមការស្នើសុំរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង។ក្នុងលិខិតនោះក៏បានបញ្ជាក់ទៀតថា នៅខែតុលាឆ្នាំ២០១៥ រដ្ឋបាលស្រុកកំពង់ត្រឡាច បានទទួលលិខិតមួយច្បាប់ពីនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដែលមានលេខ ៣៧៣ ខរព.កឆ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ដែលសុំឲ្យស្រុកចូលរួមដោះស្រាយបញ្ហាដីចំការព្រៃ ដាំទំហំ៤០០ហិកតា ស្ថិតនៅភូមិអូររូង និងភូមិស្តុកលិច ឃុំឈូកស ស្រុកកំពង់ត្រឡាច។នៅក្នុងលិខិតគោរពជូនលោកអភិបាលខេត្តរបស់រដ្ឋបាលស្រុកកំពង់ត្រឡាច ក៏បានបញ្ជាក់ដែរថា ចំពោះដីចំនួន៤០០ហិកតា ដែលខណ្ឌរដ្ឋបាលព្រៃឈើអះអាងថា ជាដីចម្ការព្រៃដាំរបស់សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកកំពង់ត្រឡាចនោះ គឺមិនមានទេ។ ព្រោះបច្ចុប្បន្ននេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានបង្កបង្កើនផល ក្នុងនោះមានភូមិអូរូង, ភូមិទួល, ភូមិស្នាពេជ្រ, ភូមិព្រៃពា, ភូមិស្តុកលិច, ភូមិសេះថ្មី ដែលប្រជាពលរដ្ឋមកតាំងទីលំនៅតាំងពីឆ្នាំ១៩៧៩មកម៉្លេះ ព្រមទាំងមានវិទ្យាល័យបូលីណូ, ក៏ស្ថិតក្នុងដី៤០០ហិកតានេះដែរ។ រដ្ឋបាលស្រុកក៏មិនដែលបានដឹងឮថា មានដី៤០០ហិកតារបស់សង្កាត់រដ្ឋបាលព្រៃឈើស្រុ កមាននៅទីនោះដែរ។រដ្ឋបាលស្រុកក៏បានបញ្ជាក់ទៀតថា ចំពោះដីថ្នាលបណ្ដុះកូនឈើ គឺពិតជាបានខ្ចីពីប្រជាពលរដ្ឋពិតប្រាកដមែន ដោយមានការបំភ្លឺពីអាជ្ញាធរ ភូមិ ឃុំ ស្រុក និងមានឯកសារពាក់ព័ន្ធបញ្ជាក់ត្រឹមត្រូវពីមន្ត្រីជំនាញភូមិបាលស្រុក ដូចដែលមានឯកសារលិខិតជូនភ្ជាប់មកជាមួយស្រាប់។ជុំវិញករណីនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងករណីលិខិតកាន់កាប់ដីរដ្ឋរបស់លោក ស៉ិន កុសល ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកក៏មានការងឿងឆ្ងល់ដែរ ចំពោះលិខិតនេះ ដោយសារតែខាងលើបានសរសេរថា រដ្ឋបាលព្រៃឈើតំណាងដោយលោក ស៊ិន កុសល តែបែរជាមកបំពេញបែបបទដាក់ថា (ដីសាងសង់) និងខាងក្រោមបំពេញថា ដីបានមកពី (រដ្ឋឲ្យ) ទៅវិញ។ ចំណុចនេះលោកក៏មិនយល់ចាំមើលលោកឆែកមើលឱ្យបានត្រឹមត្រូវសិន តែទោះបីជាយ៉ាងនេះក៏ដោយ រឿងនេះមានតែលោកអភិបាលខេត្តទេ ដែលលោកជាប្រធានគណៈកម្មការសូរិយោដីខេត្ត លោកអាចមានសិទ្ធិសម្រេចក្នុងរឿងនេះ។ជាចុងក្រោយប្រជាពលរដ្ឋទាំងពីរគ្រួសារ ដែលជាម្ចាស់ដីពិតប្រាកដ និងបានរងគ្រោះអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយនោះ បានលើកដៃសំពះស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំង អស់មេត្តាជួយដោះស្រាយ និងផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួក គាត់ដែលមានសមាជិកសរុបរហូត២៣នាក់។ បច្ចុប្បន្នពួកគាត់មិនមានដីសម្រាប់សង់លំនៅឋាន គឺមានតែដីនៅទីនេះហើយ សម្រាប់ចែកកូនចែកចៅសង់ទីជម្រកស្នាក់នៅបន្តនៅពេលអត់ពីពួកគាត់ចាស់ៗទៅ៕ ដកស្រង់ពីទស្សនៈរាស្ត្រ 65 ចែករំលែក