ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព..
(ភ្នំពេញ)÷ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព និងអប់រំឱ្យយោធិននៃកងរាជអាវុធហត្ថទាំងអស់ គោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរថែមទៀត។
បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថនោះគឺ “យោធិននៃកងរាជអាវុធហត្ថណាដែលបង្កស្លាប់ដោយខ្លួនឯង មិនទទួលបានការឧបត្ថម្ភថវិកាគោលនយោបាយ ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថឡើយ”។ ឧទាហរណ៍ ការបង្កស្លាប់ដោយខ្លួនឯងមានដូចជា៖ ករណីចេញក្រៅទីតាំងបន្ទាយ ឬសាលា ដោយគ្មានការអនុញ្ញាត ទៅផឹកស៊ីស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង…។ល។
កងរាជអាវុធហត្ថ ក្រោមការដឹកនាំ គ្រប់គ្រងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពជាប្រចាំ។ កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ហើយយោធិននៃកងរាជអាវុធហត្ថគ្រប់រូប បានគាំទ្រយ៉ាងពេញទំហឹង និងស្ម័គ្រចិត្តចូលបុណ្យតាមរយៈមូលនិធិនេះ។ ថវិកានៃមូលនិធិនេះ បានយកទៅឧបត្ថម្ភជូនដល់គ្រួសារនៃយោធិននៃកងរាជអាវុធហត្ថដែលបានពលី មរណៈ ដើម្បីជួយចំណាយក្នុងការរៀបចំបុណ្យសពនិងសល់ពីនោះ អាចប្រើប្រាស់ទំនុបបម្រុងក្នុងគ្រួសារទៀតផង។
កងរាជអាវុធហត្ថ បានធ្វើការអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប គ្រប់ស្ថាប័ន អង្គភាព ឱ្យចូលរួមការអនុវត្តច្បាប់និងខ្លួនឯងម្នាក់ៗត្រូវតែជាគំរូក្នុងការគោរពច្បាប់នានា។ កន្លងទៅ កងរាជអាវុធហត្ថ បានលុបឈ្មោះចេញពីក្របខណ្ឌគ្រប់គ្រងចំពោះយោធិននៃកងរាជអាវុធហត្ថដែលប្រើប្រាស់គ្រឿងញៀន និងអនុវត្តច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស។ ទាំងនេះ គឺជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ និងអំពើល្មើសច្បាប់ចរាចរ ។ល។
តាំងពីម្សិលមិញថ្ងៃទី៨ ខែមករា ដល់ពេលនេះ គ្រប់ស្ថាប័ននិងអង្គភាពកងរាជអាវុធហត្ថ បាននិងកំពុងធ្វើការអប់រំ ផ្សព្វផ្សាយនូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស។
ដកស្រង់ចេញពីផេក កងរាជអាវុធហត្ថលើផ្ទៃប្រទេស