គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ..
កំពង់ឆ្នាំង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមកម្មវិធីដែលបានគ្រោងទុក ពិធីបើកយុទ្ធនាការឃោសនានេះ នឹងរៀបចំធ្វើនៅសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រោមអធិបភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងអ្នកចូលរួមប្រមាណជិត ៨.០០០នាក់។
បន្ទាប់ពីពិធីជួបជុំគ្នា នៅសួនច្បារដំរីស ក្នុងសង្កាត់កំពង់ឆ្នាំង និងមានការដង្ហែក្បួនឆ្ពោះមកកាន់សួនច្បារវិមានឯករាជ្យ ហើយបំបែកទៅតាមផ្លូវសំខាន់ៗ ក្នុងក្រុងកំពង់ឆ្នាំងផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕