ព័ត៌មានជាតិ បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ ត្រូវកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន.. ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Jul ឆ្នាំ 2024 13 ចែករំលែក ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន “បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ ” នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូន សាធារណជន បងប្អូនប្រជាពលរដ្ឋ ជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដូចបានចុះផ្សាយខាងលើរួចមក រដ្ឋបាលខេត្ត បាន ចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ជាបុគ្គលដែលបានធ្វើសកម្មភាពជាន់លើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី។រដ្ឋបាលខេត្តក្រចេះ សូមថ្លែងអំណរគុណចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលតែង យកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព និងអត្តសញ្ញាណជាតិ និងសូមទទួលយកនូវរាល់មតិយោបល់ ក្នុងការកែលម្អ ដើម្បីស្ថាបនាក្នុងន័យថែរក្សា ការពារអត្តសញ្ញាណជាតិ និងការអភិវឌ្ឍរបស់ជាតិយើង៕ 13 ចែករំលែក