មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
{ខេត្តត្បូងឃ្មុំ}÷ មិនសរសើរមិនបាន មន្ត្រីជំនាញពាក់ព័ន្ធដែលបានបង្ក្រាប រថយន្តដឹកឈើទាំងអស់នេះបាន។ កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មន្ន្រ្តីឧទ្យានុរក្សប្រចាំការនៅទីស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក បានចុះល្បាតការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បានជួបប្រទះរថយន្តកែច្នៃមួយគ្រឿងគ្មានស្លាកលេខកំពុងដឹកជញ្ជូនឈើហ៊ុបមូលប្រភេទលេខ២(ឈើទាល) ចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។ ខណៈពេលមន្ត្រីឧទ្យានុរក្សយើងឃាត់រថយន្តឱ្យឈប់ដើម្បីត្រួតពិនិត្យ អ្នកបើកបររថយន្ត បានលោតចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់។ ដោយពិនិត្យឃើញថាការដឹកជញ្ជូនឈើហ៊ុបមូលខាងលើជាអំពើល្មើសច្បាប់ និងគ្មានអ្នកទទួលខុសត្រូវ ក្រុមការងារក៏បាននាំយកវត្ថុតាងល្មើស(រថយន្ត និងឈើ) មករក្សាទុកនៅទីស្នាក់ការតំបន់ប្រើប្រាស់ច្រើន យ៉ាងពញាក្រែក ដើម្បីចងក្រងសំណុំរឿងបទល្មើសបញ្ជូនទៅមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធីច្បាប់បន្ត។
តាមសង្កេតមើលឃើញ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ តែងតែបញ្ចេញសមត្ថភាពប្រើកណ្ដាប់ដៃដែកបង្ក្រាបបទល្មើសដែលឆ្លងកាត់ខេត្តត្បូងឃ្មុំបានជារឿយៗជារៀងរហូតមក៕