ព័ត៌មានជាតិ គ្រួសារអតីតយុទ្ធជនចំនួន៣នាក់ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន… ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Dec ឆ្នាំ 2024 26 ចែករំលែក (កំពង់ឆ្នាំង)៖គ្រួសារអតីតយុទ្ធជននិងជាយោធិនពិការដែលមានវ័យចាស់ៗណាស់ទៅហើយចំនួន៣នាក់ មានទីលំនៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ចាប់ដាចាប់ក្នុងពន្ធនាគារខេត្ត កាលពីដើមខែ វិច្ឆិកា ឆ្នាំ២០ ២៤តាមបណ្ដឹងរបស់ពលរដ្ឋម្នាក់រស់នៅក្នុងឃុំជាមួ យគ្នា។បច្ចុប្បន្នត្រូវបានតុលាការខេត្តកំពង់ឆ្នាំង បើកសវនាការឡើងវិញនិងបានសម្រេចអនុញ្ញាតឱ្យពួកគាត់ទាំង៣នាក់បាននៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ។ករណីនេះដែរធ្វើឲ្យពួកគាត់ទាំង៣នាក់ និងក្រុមគ្រួសាររួមទាំងពលរដ្ឋនៅក្នុងមូលដ្ឋានរំភើបរីករាយឥតឧបមាស្ទើររកអ្វីមកថ្លែងពុំបាននោះឡើយ ដោយសារបានឃើញពួកគាត់បានចេញមកនៅក្រៅឃុំជួបជុំកូនចៅ ម្យ៉ាងពួកគាត់ចាស់ៗអស់ទៅហើយនិងមានជំងឺប្រចាំកាយទៀតផង ដោយត្រូវការព្យាបាលជារៀងរាល់ថ្ងៃ។នៅព្រឹកថ្ងៃទីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងកូនខ្ទមដ៏តូចមួយរបស់លោកតាលោកយាយខណៈដែលពួកគាត់ទើបតែបានចេញពីពន្ធនាគារ ពួកគាត់បានលើកដៃសំពះថ្លែងអំណរគុណនិងដឹងគុណយ៉ាងវិសេសវិសាល ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពិសេសថ្លែងអំ ណរគុណនិងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដែលមិនអាចបំភ្លេចបានចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល, ឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង,និងឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកទាំងអស់បានខ្នះខ្នែងយកចិត្តទុកដាក់គិតគូរដល់ទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជននិងបានពន្លឿននីតិវិធីជួយសម្របសម្រួលឱ្យពួកគាត់ទាំងបីនាក់បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ពួកគាត់ទាំង៣នាក់ ព្រមទាំងបងប្អូនកូនចៅ រួមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ បានលើកដៃបួងសួងនិងប្រសិទ្ធិពរជ័យជូនដល់អស់លោកជាថ្នាក់ដឹកទាំងអស់សុំឱ្យជួបប្រទះនូវពុទ្ធិពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើ យ និងសុំឱ្យសម្រេចបាននូវគ្រប់ភារកិច្ច។សូមបញ្ជាក់ថាៈ គ្រួសារអតីតយុទ្ធជនដែលត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំងតាមបណ្ដឹងរបស់ពលរដ្ឋខាងលើនេះ គឺមានឈ្មោះ លោកអ៊ុំប្រុស ព្រំ សាង អាយុ៥៩ឆ្នាំ ជាអតីតកងទ័ពបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ ក្នុងកងពលលេខ១៩៦ វីរៈសេនាតូចលេខ៨០ និងរងរបួសដាច់ដៃម្ខាងនៅក្នុងសមរភូមិសំឡូតជាប់ព្រំដែនខ្មែរថៃ, ២-លោកអ៊ុំ ម៉ោញ ជន អាយុ៥៩ឆ្នាំ ប្រពន្ធលោកតា ព្រំ សាង , និង៣- លោកយាយ ម៉ោញ សុន អាយុ ៧០ឆ្នាំជាស្ត្រីមេម៉ាយកូនមួយត្រូវជាបងស្រីបង្កើតរបស់អ៊ុំស្រី ម៉ោញ ជន ពួកគាត់រស់នៅក្នុងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។លោកអ៊ំប្រុស ព្រំ សាង បានរៀបរាប់ប្រាប់ឲ្យដឹងថា ដីដែលត្រូវបានគេប្ដឹងផ្ដល់គាត់ទៅតុលាការខាងលើនេះ គឺជាដីកេរ្ត៍ប្រពន្ធរបស់គាត់តាំងពីសង្គមចាស់ ហើយត្រូវបានឪពុកម្ដាយចែកឱ្យប្រពន្ធរបស់គាត់ លុះនៅឆ្នាំដែលគាត់មិនចាំថ្ងៃខែ ឈ្មោះ ជឹម ជា ភេទប្រុស ត្រូវជាឪពុករបស់ ខាត់ ចាន់ បច្ចុប្បន្នរស់នៅភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមកខ្ចីដីរបស់គាត់រស់នៅជាបណ្ដោះអាសន្ន នៅពេលដែលឈ្មោះ ជឹម ជា បានរើផ្ទះចេញទៅរស់នៅកន្លែងផ្សេង គាត់ក៏បានជម្រាបលោកមេភូមិនិងមេឃុំ ដើម្បីចូលទៅគ្រប់គ្រងដីរបស់គាត់វិញ(មិនចាំខែឆ្នាំ)។លុះនៅក្នុងអំឡុងឆ្នាំ២០១៧ក៏ស្រាប់ឃើញមានឈ្មោះ ខាត់ ចាន់ នៅភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្ដឹងពួកគាត់ទៅនគរបាលនិងប្ដឹងបន្តទៅកាន់តុលាការពីបទៈ ធ្វើឲ្យ ខូចខាតដោយចេតនា(មានស្ថានទម្ងន់ទោស)និងបានប្ដឹងទាមទារសំណងពីពួកគាត់ក្នុងម្នាក់ៗចំនួន១០លានរៀលទៀតផង។លោកអ៊ំប្រុស បានបញ្ជាក់ឲ្យដឹងទៀតថា ការប្ដឹងចោទប្រកាន់ពួកគាត់ថាបានធ្វើឲ្យខូចខាតដោយចេតនានោះគឺ ១-ចោទថា ពួកគាត់បានកាប់ដើមដូងនិងដើមគ ដែលទាំង២ដើមនោះគឺ(ងាប់និងពុកផុយអស់ទៅហើយ)។និង២-បានប្ដឹងចោទថា ពួកគាត់ទាំងបីនាក់រុះរបងគេអស់ប្រវែង២៥ម៉ែត្រ។តាមពិតរបងនោះគឺជារបងតាយាយជាអ្នកធ្វើ និងដើមឈើទាំងពីរដើមនោះ ក៏ដុះនៅក្នុងដីរបស់គាត់ដែរតែត្រូវបានគេប្ដឹងថា ជាដីរបស់គេ។លោកតាបញ្ជាក់ទៀតថា ការប្តឹងចោទប្រកាន់របស់ឈ្មោះ ខាត់ ចាន់ ខាងលើនេះគឺពុំពិតនោះទេ ព្រោះពួកគាត់ទាំង៣នាក់ពុំបានប្រព្រឹត្តដូចការចោទ ប្រកាន់នោះឡើយ។លោកអ៊ុំប្រុសក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលសមត្ថ កិច្ចនិងតុលាការកោះហៅពួកគាត់ទៅសួរនាំម្ដងៗគឺសួរតែអំពីការកាប់ដើមគរនិងដើមដូងទាំងពីរដើមនោះតែប៉ុណ្ណោះ ចំណែកការរុះរើរបងពុំដែលសួរនាំគាត់នោះឡើយ។ចំពោះអ្នកដែលកាប់ដើម ដូងនិងដើមគរងាប់ទាំង២ដើមនោះដែរ ពួកគាត់ក៏បានឆ្លើយប្រាប់ចង្អុលបង្ហាញទៅតុលាការនិងសម ត្ថកិច្ចនូវរៀងរាល់ពេលកោះ ហៅពួកគាត់ទៅសួរនាំម្ដងៗផងដែរថា គឺឈ្មោះ មែន សិក ដែលត្រូវជាក្មួ យថ្លៃរបស់គាត់ទេ ដែលជាអ្នកកាប់ព្រោះខ្លាចដើមឈើ ងាប់ទាំងនោះបាក់សង្កត់លើបង្គន់របស់គេ។ម្យ៉ាងទៀតក្រោយពីតុលាការសម្រេចឃុំខ្លួនពួកគាត់ទាំង៣នាក់ក្នុងពន្ធធនាគារឈ្មោះ ខាត់ ចាន់ និងឈ្មោះ ហែម តារា រួមទាំងបក្ស ពួកបានមកធ្វើរបងព័ទ្ធយកដីភូមិដែលបានប្ដឹងគាត់ខាងលើនេះ មិនតែប៉ុណ្ណោះពួកគេបានធ្វើរបងព័ទ្ធយកទាំងដីស្រែចំនួន២ ដែលស្រែនោះកូនរបស់គាត់បានធ្វើស្រែជារៀងរាល់ឆ្នាំ ហើយពុំដែលមានទំនាស់ជាមួយនឹងឈ្មោះ ខាត់ ចាន់ នោះដែរ នឹងបានឱ្យអាជ្ញាធរនិងមន្ត្រីភូមិ បាលចុះវាស់វែងដីនោះដោយដាក់ឈ្មោះ ហែម តារា ទៀតផង ដែលមានលេខក្បាលដី៣៩៩។ដោយឡែកលោក ម៉ែន សិក ដែលលោកអ៊ំុំប្រុស ព្រំ សាង និងអ៊ំុំស្រី ម៉ោញ ជន បានចង្អុលបង្ហាញប្រាប់សមត្ថកិច្ច និងតុលាការថា ជាអ្នកកាប់ដើមគរ និងដើមដូងងាប់ទាំង២ដើមខាងលើ គាត់បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា រូបគាត់ពុំដែលត្រូវបានសមត្ថកិច្ច ឬតុលាការកោះហៅទៅសួរនាំពាក់ព័ន្ធនឹងការកាប់ដើមគនឹងដើមដូងងាប់២ដើមនោះទេ។ចំពោះដើមគរនិងដើមដូងដែលងាប់ទាំងពីរដើមនោះដែរ គឺកូន ប្រុសរបស់គាត់ជាអ្នកកាប់ដោយខ្លាចរលំបាក់មកសង្កត់លើបង្គន់ព្រោះទាំងពីរដើមនោះមានសភាពពុកផុយអស់ទៅហើយ។ជុំវិញករណីខាងលើនេះ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ សាលាដំបូងខេត្តកំពង់ឆ្នាំងបានបើកសវនាការឡើងវិញជាលទ្ធផល ទទួលបាន គឺ១-អង្គសាវនាការសម្រេចលុបចោលសាល ក្រមព្រហ្មទណ្ឌស្ថាពរលេខ៤(ខ)ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។ ២-ទទួលយកបណ្ដឹងជំទាស់របស់គ្រួសារអតីតយុទ្ធជនទាំង៣ នាក់ និងបើកសវនាការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ ៣-ទទួលយកពាក្យស្នើសុំរបស់អ៊ំប្រុសអ៊ំស្រីទាំង៣នាក់ ដែលសុំនៅក្រៅឃុំ អង្គសាវនាការក៏សម្រេចឱ្យពួកគាត់ទាំង៣នាក់បាននៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះផងដែរ។ជាចុងក្រោយក្រុមគ្រួសារអតីតយុទ្ធជនទាំង៣នាក់គោរពស្នើសុំ ឯកឧត្តម ប្រធានតុលាការខេត្តកំពង់ឆ្នាំង ឯកឧត្តម ព្រះរាជអាជ្ញាសូមមេត្តាផ្ដល់យុត្តិធម៌ជូនពួកគាត់នៅថ្ងៃសវនាការ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះដោយក្តីប្រណីមេត្តា ស្របទៅតាមភាពយុត្តិធម៌និងសច្ចធម៌ដោយក្តីអនុគ្រោះផង ព្រោះពួកគាត់ទាំងអស់គ្នាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ៕ 26 ចែករំលែក