ព័ត៌មានជាតិ ឯកឧត្តម រដ្ឋមន្ដ្រី ឌិត ទីណា បានសុំឲ្យបងប្អូនប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ក្នុងការទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និងចូលរួមធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល… ចេញផ្សាយបន្ថែម ថ្ងៃទី 14 ខែ Dec ឆ្នាំ 2024 16 ចែករំលែក (ខេត្តសៀមរាប)÷៖ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ឯកឧត្តម នឹងពិភាក្សាជាមួយខាងជំនាញជលផល អំពីថា តើត្រូវកំណត់តំបន់សម្រាប់អ្នកមានរបរអូសលៀសនៅក្នុងដែនបឹងទន្លេសាបឬយ៉ាងណា?ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ដែលនៅក្នុងពិធីនេះ ប្រជានេសាទ បានបង្ហាញអំពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះការបាត់បង់ពូជត្រីដោយសារការប្រើឧបករណ៍នេសាទខុសច្បាប់ ការអូសលៀសដោយប្រើទូកម៉ាស៊ីនជាដើម។ប្រជានេសាទបានលើកឡើងថា ការអូសលៀសដោយប្រើទូកម៉ាស៊ីនធំៗ បានធ្វើឲ្យប៉ះពាល់ដល់ពូជត្រីមួយចំនួនដែលពងកូននៅក្នុងភក់បាតបឹង ដូចជាត្រីឆ្កោកជាដើម។ លើសពីនេះការអូសលៀសនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់ឧបករណ៍នេសាទមួយចំនួនរបស់បងប្អូនប្រជានេសាទផងដែរ។ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ដ្រី ឌិត ទីណា បានសុំឲ្យបងប្អូនប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ក្នុងការទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និងចូលរួមធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល។ ព្រោះការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់បងប្អូនប្រជានេសាទ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ឯកឧត្តម បន្តថា ចំពោះសំណូមពរមួយចំនួនដែលបងប្អូនប្រជានេសាទបានលើកឡើង ឯកឧត្តម រដ្ឋមន្ដ្រីបានចាត់តាំងមន្ដ្រីជំនាញឱ្យសិក្សានិងដោះស្រាយជូនបងប្អូនប្រជានេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទៅតាមអ្វីដែលបងប្អូនប្រជានេសាទបានលើកឡើង ជាពិសេសបញ្ហាអូសលៀសនេះ។ជាមួយគ្នានោះ ឯកឧត្តម ឌិត ឌីណា លើកឡើងថា បញ្ហាអូសលៀសនេះ បើកាលណាមន្ត្រីជំនាញអនុវត្តច្បាប់ខាងអ្នកអូសលៀស គេតវ៉ាថា ធ្វើបាបមិនឲ្យគេរកទទួលទាន ដូច្នេះ ឯកឧត្តម នឹងពិភាក្សាជាមួយជំនាញជលផលថា អំពីទំហំក្រឡា និងតំបន់សម្រាប់អូសលៀស ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់របររបស់បងប្អូនទាំងអ្នករកត្រី ទាំងអ្នកអូសលៀស។តែទោះជាយ៉ាងណាសូមបងប្អូនប្រជានេសាទដែលប្រកបកិច្ចការស្របច្បាប់ កុំព្រួយបារម្ភ ថ្នាក់ដឹកនាំមន្ត្រីជំនាញនិងរៀបចំឲ្យបានច្បាស់លាស់ថាតំបន់ណាហាមឃាត់តំបន់ណាត្រូវឲ្យបងប្អូនប្រកបអាជីវកម្មនេសាទបន្តទៀត។ 16 ចែករំលែក