លោកជំទាវ សឿ សុជាតា បានថ្លែងថា សមិទ្ធផលថ្មីៗ ដែលទទួលបាន នៅថ្ងៃនេះ គឺដោយសារប្រទេស យើងមានសន្តិភាព
កំពង់ឆ្នាំង៖ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសម្ភោធសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សាសែ្រកាច់ ស្ថិតឃុំអញ្ចាញរូង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានសាងសង់ពីបានសាងសង់រួចរាល់ជាស្ថាពរ។
លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលបានចូលរួមជួយកសាងអណ្តូងទឹក កន្លែងសម្រាប់លាងដៃ និង ក្លោងទ្វារ ដែលធ្វើអោយសាលារៀននៅតំបន់ដាច់ស្រយ៉ាលមួយនេះកាន់តែមានការអភិវឌ្ឍ និង បរិស្ថានល្អ សម្រាប់សិស្សានុសិស្ស។
លោកជំទាវ បានបញ្ជាក់ថាៈ ដើម្បីក្លាយអោយសិស្សានុសិស្សក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ និងសង្គមគ្រួសានោះ ក្រសួងអប់រំ បានរៀបចំអភិវឌ្ឍន៍កម្មវិធីអប់រំនៅគ្រប់កម្រិតអោយមានការជឿនលឿន។ ហើយថ្មីៗនេះក្រសួងអប់រំក៏បានធ្វើការអភិវឌ្ឍកម្មវិធីសិក្សាឲ្យសមស្របជាមួយនឹងប្រទេសនៅក្នុងតំបន់ (អាស៊ាន) និងប្រទេសជឿនលឿន ដើម្បីប្រយោជន៍ឲ្យសិស្សានុសិស្សមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការអភិវឌ្ឍ ប្រទេសផងដែរ។
លោកជំទាវ ក៏បានអំពាវនាវអោយសិស្សានុសិស្សទាំងអស់ត្រូវចេះអនាម័យខ្លួនប្រាណ និងសម្អាត បរិស្ថាន ក្នុងបរិវេណសាលារៀនត្រូវតែស្អាតជាប្រចាំ ៕(ដោយ៖ ឈាង វណ្ណៈ) (ប្រភពៈ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)