ឯកឧត្ដម ផែង សុខវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ដារបឹងមួយចំនួននៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
កំពង់លែង៖ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផែង សុខវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារស្ដារបឹងមួយចំនួននៅក្នុងស្រុកកំពង់លែង ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរដែនដីផងដែរ។
គម្រោងស្ដារបឹងនេះស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានបណ្តោយប្រវែង ៣១៥ ម៉ែត្រ ទទឹង៦៥ម៉ែត្រ។ ការស្តារនេះគឺសំដៅការពារ ទប់ទឹកប្រើប្រាស់ជាទូទៅផង និងស្រោចស្រពការបង្កបង្កើនផលស្រូវនៅរដូវប្រាំងផង ព្រោះកន្លងទៅនារដូវប្រាំងតែងតែរីងស្ងួតអស់។
ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការពន្លឿនការស្ដារបឹងនេះ។ ឯកឧត្ដមក៏បានផ្តាំផ្ញើអាជ្ញាធរដែនដី ដើម្បីឱ្យការស្ដារនេះមានល្បឿនកាន់តែលឿន ព្រមទាំងយោគយល់ខ្ពស់ចំពោះការរំខាននានាខណៈពេលកំពុងស្ដារផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)