របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសឈប់ឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបបង់ពន្ធ ប្រចាំខែ រយៈពេល៤ខែ

250

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបដែលបានចុះបញ្ជីពុំចាំបាច់បង់ប្រាក់ពន្ធដាប្រចាំខែ ក្នុងរយៈពេល៤ខែ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការជួយដល់វិស័យទេសចរណ៍ ជាមួយនឹងការភ័យខ្លាចចំពោះជំងឺកូវីដ19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ភ្ញៀវទេសចរបរទេស បានចូលមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ពិសេសនោះភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ជាង៩០ភាគរយ។

សម្តេចតេជោបានបន្តថា បញ្ហាជំងឺនេះបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលនូវផលប៉ះពាល់យ៉ាងខ្លាំង។ សកម្មភាពទេសចរណ៍នៅតំបន់ដទៃទៀតស្ថិតក្នុងកម្រិត សមរម្យ។ សម្តេចតេជោបានចាត់ទុកថា វិធាន ការដែលរាជរដ្ឋាភិបាលដាក់ចេញនោះស្ថិតក្នុងគោលបំណងធ្វើយ៉ាងណាជួយដល់អាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ក្នុងនោះគឺសណ្ឋាគារ និងផ្ទះសំណាក់អាចបន្តអាជីវកម្មរបស់ខ្លួនបាន ក្នុងការបន្តការងារជួនដល់កម្មករ ពិសេសនោះមានភាពខ្លាំងជាងមុននៅពេលជំងឺកូវីដ19បានបញ្ចប់។

សម្តេចតេជោបានលើកឡើងថា ការជំរុញវិស័យទេចរណ៍នៅខេត្តសៀបរាមនេះ ក៏សំដៅធ្វើយ៉ាងណាឱ្យមានការបណ្តុះបណ្តាល ដើម្បីឱ្យកម្មករមានឱកាសចាប់យកជំនាញថ្មី ឬមានលទ្ធភាពទទួលបានការងារល្អជាមុន។

សម្តេចតេជោបានបន្តថា លើសពីនេះរាជរដ្ឋាភិបាលមានវិធានការ និងសម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដា និងមានសកម្មភាពធ្វើអាជីវកម្មសម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានសិទ្ធិដាក់លិខិត ប្រកាសពន្ធអាកររបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់អាជីវកលើតម្លៃបន្ថែមជារៀងរាល់ខែក្នុងរយៈពេលលើកលែងពន្ធ។

សម្តេចតេជោក៏បានអំពាវនាវឲ្យម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់នៅទូទំាង ប្រទេសគួរបន្ធូរបន្ថយតម្លៃឈ្នួល ទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីបង្កើនចំនួនភ្ញៀវទេសចរនិងជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.