របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ពលរដ្ឋក្នុងស្រុកកំពង់លែង សាទរចំពោះថ្នាក់ដឹកនាំស្រុក ដែលបានរៀបចំពង្រីកសួនច្បារថ្មី និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍នានាបន្តទៀត

132

កំពង់ឆ្នាំង៖ នៅបរិវេណមុខសាលាស្រុកកំពង់លែង ផ្នែកខាងកើត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ទៀតដោយសួនច្បារថ្មីបាននិងកំពុងរៀបចំពង្រីកបន្ថែម បន្តពីសួនច្បារចាស់ដែលបានរៀបចំរួចរាល់។ ប្រជាពលរដ្ឋ បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគាត់គាំទ្រលើគម្រោងអភិវឌ្ឍន៍នានាបន្តទៀតរបស់អាជ្ញាធរស្រុក។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង ការរៀបចំពង្រីកសួនច្បារថ្មី នៅមុខអធិការដ្ឋាននគបាលស្រុក គឺមានគម្រោងពីរដែលស្រុកត្រូវអនុវត្ត ដែលក្នុងនោះមានបឹងមួយឈ្មោះ”បឹងគ្រួស”។ បឹងនោះមានស្ថានភាពរីងរាក់គោក នៅរដូវប្រាំង បណ្តាលឲ្យប្រជាពលរដ្ឋមានការខ្វះទឹកប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវ និងបន្លែ ដែលជាការបង្កបង្កើនផលរបស់ពួកគាត់។

ដោយឃើញការលំបាកនេះទើបអាជ្ញាធរស្រុកបាន៖ ១).ស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងបន្សាំការបម្រែបម្រួលអាកាសធាតុ ដែលគាំទ្រថវិកាដោយ ADB សុំជួយស្តារបឹងនេះ ទំហំ ជាង៣ ហិកតា ត្រូវបាននាំយកអាចដីចេញ ជាង២៧,០០០ ម៉ែត្រគូប។ ២).រដ្ឋបាលស្រុកបានសុំទៅគម្រោងខាងលើនេះ យកអាចដី ចាក់ពង្រីកច្រាំងទន្លេមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង នៅផ្នែកខាងកើតសាលាស្រុក ក្នុងទិសដៅធ្វើសួនច្បារ បន្តភ្ជាប់ពីមុខសាលាស្រុក ដល់ផែកាណូត តពីផែកាណូត ដល់ផ្លូវកែងមុខអធិការដ្ឋាននគរបាលស្រុកតែម្តង ៕(ដោយ៖ ឡេង ធារ៉ា)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.