កិច្ចប្រជុំត្រៀមរៀបចំការងារបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការងារបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ដែលឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តនេះ។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់អនុសាសន៍៥ចំណុច៖
១.យកចិត្តទុកតាមដានសភាពករណ៍ទូទៅពាក់ព័ន្ធនឹងគ្រោះមហន្តរាយ។
២.ត្រៀមរៀបចំ និងពង្រឹងតួនាទី ភារកិច្ចគណៈកម្មាធិការគ្រប់គ្រងមន្តរាយគ្រប់ជាន់ថ្នាក់។
៣.យកចិត្តទុកដាក់លើវិធានការត្រៀមការ។ ត្រៀមបង្ការបានល្អ យើងឆ្លងផុតពីគ្រោះថ្នាក់”ការពារប្រសើរជាងព្យាបាល”។
៤.វិធានការឆ្លើយតប និងសង្គ្រោះបន្ទាន់ ដោយដំបូងសង្រ្គោះមនុស្ស មុនគេ បន្ទាប់មកសត្វនិងសម្ភារ:មធ្យោបាយ។
៥. វិធានការស្ដារឡើងវិញ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568