អភិបាលរងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្ដីអំពីវឌ្ឍនភាពនៃការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គណៈកម្មាធិការសម្រប សម្រួល អចិន្រ្តៃយ៍ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។
សូមបញ្ជាក់ផងដែរថាៈ សម្រាប់ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឆាយ លាភា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នោះផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការងាររដ្ឋបាល ការងារហិរញ្ញវត្ថុ ការងារត្រួតពិនិត្យបច្ចេកទេសយានយន្ត និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរទាំងឡាយដែលក្រុមការងារអនុវត្តជាក់ស្តែងបានលើកឡើង ក៏ដូចជាគម្រោងក្នុងការថ្លឹងរថយន្តដឹកជញ្ជូននៅតាមបណ្តាស្ថានីយ ដែលនឹងប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដេីម្បីរឹតបន្តឹង និងបង្កេីនប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្តដឹកលេីសទម្ងន់។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុតដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាកសាងផ្លូវថ្នល់ដោយលំបាក ៕(ដោយ៖ ឡេង ធារ៉ា)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568