ប្រជាពលរដ្ឋចំណាកស្រុក និងអតីតយុទ្ធជន ចំនួន ១៦០គ្រួសារ ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មកពីបណ្ដាស្រុក.ក្រុងទាំង ៨ នៃខេត្តកំពង់ឆ្នាំង បានទទួលអំណោយ ពីសមាគមអតីតយុទ្ធជនកម្ពុជា
(ខេត្តកំពង់ឆ្នាំង)% នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានរៀបពិធីប្រគល់សម្ភារៈនិងថវិកា របស់សមាគមអតីតយុទ្ធជនខេត្ត ជូនដល់ប្រធាន អនុប្រធានជាសមាគមន៍នៅតាមបណ្ដាស្រុក និងអង្គភាពផ្សេងៗ ដើម្បីផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅតាមមូលដ្ឋាន ចំនួន ១៦០គ្រួសារ មកពីបណ្ដាស្រុក.ក្រុងទាំង ៨ នៃខេត្តកំពង់ឆ្នាំង ។
ដែលពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ដោយមានការចូលរួមពីបណ្ដា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងស្ថាប័នមន្ទីរអង្គភាពនានាជុំវិញខេត្តផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា តបតាមការអំពាវនាវ របស់សមាគមអតីតយុទ្ធជនខេត្ត និងដើម្បីជួយសម្រួលដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលកំពុងជួបការលំបាក និងបងប្អូនគ្រួសារអតីតយុទ្ធជន ជួបការលំបាក នាបច្ចុប្បន្ននេះ សប្បុរសជនពីគ្រប់ទិសទី ជាពិសេសមន្ត្រីរាជការមន្ទីរអង្គភាពនានាជុំវិញខេត្ត បានរួមមតិគ្នា បង្កើតជាមូលនិធិបន្ទាន់ ហើយចែកចេញជាបួនក្រុម បានចូលរួមឧបត្ថម្ភនូវ សម្ភារៈនិងថវិកាផ្សេងៗ ដើម្បីទ្រទ្រង់នូវការខ្វះខាត ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលបានចំណាកស្រុកចំនួន១៦០គ្រួសារ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន បានបន្តថា ស្របតាមការណែនាំ របស់ថ្នាក់ជាតិ និងស្មារតីខួបលើកទី ១៣ ឆ្នាំ ២០២០ ដែលធ្លាប់តែងតែធ្វើជារៀងរាល់ឆ្នាំនោះ ហើយសម្រាប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការឧបត្ថម្ភ ជូនប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ នៅតាមបណ្ដាស្រុក.ក្រុងទាំង ៨ នៃខេត្តកំពង់ឆ្នាំង និងអស់ថវិកា ២២លានរៀល ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន បន្តថា អំណោយទាំងអស់នេះត្រូវផ្ដល់ជូនតាមរយៈតំណាង ទៅកាន់ស្រុក និងក្រុងទាំង៨ សរុបមានចំនួន ១៦០ គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ១ បេ ស្មើ២០គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួ ទឹកសុទ្ធ៣យួរ ម៉ាស់៥ អាកុល១ដប និងថវិកាចំនួន៣ម៉ឺនរៀល។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន បន្តទៀតថា ទាំងនេះជាចលនា ចូលរួមក្នុងសង្គម ដើម្បីរួមចំណែកក្នុងគ្រាលំបាក ផ្សារភ្ជាប់លើកទឹកចិត្ត របស់រដ្ឋាភិបាល ជាមួយប្រជាជន និងយុទ្ធជន ពង្រឹងស្មារតីប្រជាជនក្នុងសង្គមជាតិ ពង្រឹងសាមគ្គីរួមគ្នាដោះស្រាយ ចែករំលែក ដើម្បីប្រជាជាតិ និងប្រជារាស្រ្តរបស់យើង ពង្រឹងបំបាក់ និងទប់ស្កាត់ នូវឧបាយកលបំផ្លាញជាតិខ្មែរ ពង្រឹងឆន្ទៈមហាជនជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទផងដែរ៕