សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចូលខេត្តត្បូងឃ្មុំចាប់ផ្តើមកក្រើកឡើងវិញ! សូមមន្ត្រីជំនាញចុះបង្ក្រាបផងទាន!
(ខេត្តត្បូងឃ្មុំ)៖ មិនគួរណា មានសកម្មភាពបន្តក្នុងការដឹកជញ្ជូនឈើរូបភាពបែបនេះបន្តទៀតសោះ! ព្រោះថា សមត្ថកិច្ចនៅលើដងផ្លូវមានច្រើនគួរសមដែរ គួរតែបង្ក្រាបចាត់ការតាមផ្លូវច្បាប់ជាក់ស្ដែង។ ថ្មីៗក្នុងខែឧសភា នេះក្រុមការងារសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំបានតាមផ្តិតយករូបភាពអំពី សកម្មភាពដឹកឈើខុសច្បាប់ចេញពីខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ ចាប់កផ្តើមក្រើកឡើងវិញ ដោយមានរថយន្តសាំយ៉ុងដឹកទាំងយប់ទាំងថ្ងៃ ខណៈសមត្ថកិច្ចពាក់ព័ន្ធជាច្រើនតាមដងផ្លូវហាក់មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបឡើយ។
ករណីខាងលើនេះ ត្រូវបានក្រុមអ្នកដឹកឈើមួយចំនួនបង្ហើបឱ្យដឹងថា ពួកគេបានបង់ប្រាក់ឱ្យគ្រប់ជំនាញតាមដងផ្លូវ ដោយគ្រាន់តែទឹកដីខេត្តត្បូងឃ្មុំមិនក្រោម ៥កន្លែងនោះទេ នេះមិនគិតពីក្រុមចល័តតាមដងផ្លូវដែលចាំដេញប្រផាត់ប្រភីងផង។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវក្នុងភូមិសាស្ត្រ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឳ្យដឹងថា ការដឹកជញ្ជូនឈើបានស្ងប់មួយរយៈនៅពេលដែលរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបានប្រកាស បិតការធ្វើចរាចរណ៍ពីខេត្តមួយទៅខេត្តមួយ។
តែបន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តប្រកាសបើកឳ្យធ្វើចរាចរណ៍ឡើងវិញ ការដឹកជញ្ជូនឈើខុសច្បាប់ក៏ចាប់ផ្តើមកើតមានទាំងយប់ទាំងថ្លៃ ហើយមើលទៅសកម្មភាពដឹកជញ្ជូនគឺ ងាយបង្ករគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះពួកគេបើកបរក្នុងល្បឿនយ៉ាងលឿន និងវ៉ាចេងពេញដងផ្លូវ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនង លោក បែន បុល្លីណា ដើម្បីសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទំនាក់បានជាច្រើនដង។
សូមបញ្ជាក់ផងដែរថា ខេត្តត្បូងឃ្មុំមិនមែនជាប្រភពនៃការប្រព្រឹត្តិល្មើសកាប់បំផ្លាញព្រៃឈើនោះទេ តែជាតំបន់ដែលក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនចូលមក ឬឆ្លងកាត់បន្តទៅខេត្តផ្សេងៗ ពិសេសខេត្តព្រៃវែង ហើយសកម្មភាពនេះមិនមែនទើបតែកើតមាននោះទេ ពោលគឺកើតមានជាយូមកហើយ ដោយមានការបង្ក្រាបជាបន្តបន្ទាប់ពីសំណាក់សមត្ថកិច្ច ទាំងទ្រង់ទ្រាយតូចៗ និងទ្រង់ទ្រាយធំផង។ បើទោះបីមានការបង្ក្រាបក៏ដោយ ក៏នៅមានមន្ត្រីខិលខូចមួយចំនួននៅតែលួចរួមគំនិតជាមួយក្រុមឈ្មួញទុច្ចរិត ប្រព្រឹត្តិបទល្មើសដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ ។
តែទោះជាយ៉ាងណាកន្លងមកមន្ត្រីជំនាញបានចុះបង្ក្រាបបានជាញឹកញាប់ដែរក៏ប៉ុន្តែក្រុមឈ្មួញទាំងអស់ធ្វើសកម្មភាពប្ដូរគ្រប់រូបភាពនិងលួចលាក់ដឹកដដែល៕