ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ កំពុងតែបើកដំណើរលេងយ៉ាងអនាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់លោក ម៉ៅ សឿត..
ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ និងជាជម្រកនៃបទល្មើស កំពុងតែបើកដំណើរលេង យ៉ាងអនាធិបតេយ្យ ស្ថិតនៅភូមិដើមមាន សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដែលជាដែនសមត្ថកិច្ចរបស់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ កំពុងតែបង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលួចខ្សឹបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា៖ សព្វថ្ងៃពួកគាត់មានការភ័យខ្លាចចំពោះទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះណាស់ ពោលគឺ៖ ទីតាំងនេះសម្បូរទៅដោយពពួកជនញៀនថ្នាំ។
ហើយពួកគាត់ក៏មិនហ៊ានរាយការណ៍ ឬក៏ផ្តល់ព័ត៌មានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែរ «ក្រោមមូលហេតុ៖ ខ្លាចក្រុមញៀនថ្នាំ និងម្ចាស់ទីតាំងនោះស្អប់» ទើបបានរាយការណ៍មកអង្គភាពសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយឲ្យដឹងដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងដែនដី។
ពាក់ព័ន្ធទៅនិងទីតាំងខាងលើនេះខាងសារព័ត៌មានក៏បានរាយការណ៍ផ្ដល់ព័ត៌មានជូនដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ តាមរយៈខលទូរស័ព្ទ និងតាមរយៈ WhatsApp រួចហើយ ប៉ុន្តែនៅតែមិនទាន់មានចំណាត់ការ មិនដឹងថាទីតាំងទាំងនោះមានអ្វីពាក់ព័ន្ធជាមួយនឹង លោក ម៉ៅ សឿត និងលោក អ៊ុំ រតនា ដែរឬយ៉ាងណាទើបមិនព្រមបង្ក្រាប។
ប្រជាពលរដ្ឋបានសំណូមពរដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ សូមចាត់វិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនោះផង ជៀសវាងមានការរិះគន់ ពីមហាជនថាមន្ត្រីគ្រាប់ល្ពៅជាប់ត្រគៀកមិនអាចចេញមុខមកបង្ក្រាបបទល្មើសទាំងអស់នេះបាន៕