ព័ត៌មានជាតិ សមត្ថកិច្ចនគរបាលខេត្តតាកែវបំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី ខេត្តតាកែវ ជនដៃដល់ ០៣នាក់… ចេញផ្សាយបន្ថែម ថ្ងៃទី 22 ខែ Jun ឆ្នាំ 2021 126 ចែករំលែក (ខេត្តតាកែវ)៖ សូមសរសើរដល់កម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវដែលសំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់ ព្រោះទំនាក់ពាក្យសម្ដីនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ត្រូវកម្លាំងនគរបាលជំនាញបំបែកបានហើយ ដោយឈានដល់ការចាប់ខ្លួនជនដៃដល់៣នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី។ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ទើបកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យទាំង៣នាក់ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួននេះ ទី១៖ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នំា (ត្រូវជាបងប្អូនបង្កើត) និងទី៣៖ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ រងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេងបណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ។ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ។ ចំពោះជនសង្ស័យទាំងបីនាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕ 126 ចែករំលែក