ព័ត៌មានជាតិ បុរសមេឈ្មួញជើងខ្លាំង ឈ្មោះ ឆាយ ម៉េងហុង រកស៊ីដឹកជញ្ជូនឈើសិប្បកម្មអត់ច្បាប់យ៉ាងកក្រើកអត់មានអ្នកចាប់ មានតែអ្នកចាំយកលុយបែបពុករលួយ ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Aug ឆ្នាំ 2021 35 ចែករំលែក ឧត្ដរមានជ័យ៖ បុរសមេឈ្មួញជើងខ្លាំង (ឈ្មោះ ឆាយ ម៉េងហុង) រកស៊ីដឹកជញ្ជូនឈើសិប្បកម្មអត់ច្បាប់ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ យកទៅលក់នៅខេត្តផ្សេងៗ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ សម្ថកិច្ច និងមន្ត្រីជំនាញនៅតាមដងផ្លូវសម្ងំកើបលុយដាក់ហោប៉ៅ ជាថ្នូរក្នុងការគេចវេសមិនចុះបង្ក្រាបទៅតាមតួនាទីរបស់ខ្លួន។បើទោះបីជា ឯកឧត្តម នាយឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងក្តៅគគុកឲ្យមន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី បង្ក្រាបបទល្មើសព្រៃឈើដែលជាធនធានធម្មជាតិឲ្យខានតែបានជាដាច់ខាតយ៉ាងណាក៏ដោយ ក៏អស់លោកមន្ត្រីគ្រាប់ល្ពៅមួយចំនួននៅក្នុង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ទាំងនោះនៅតែគ្មានចំណាត់ការទប់ស្កាត់ បង្ក្រាបទៅតាមបទបញ្ជាទាល់តែសោះ ហើយថែមទាំងបន្តបើកដៃបណ្តោយឲ្យពួកឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល។ជាក់ស្តែងជារៀងរាល់យប់បុរសមេឈ្មួញជើងខ្លាំងឈ្មោះ ឆាយ ម៉េងហុង រូបនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើ សិប្បកម្ម អត់ច្បាប់តាមរយៈរថយន្ត ចំនួនពីរ គ្រឿងដូចជា ១.រថយន្តម៉ាក ថុនដ្រា ពណ៌ប្រផេះ ពីរបាំង ពាក់ស្លាកលេខ (ឧត្ដរមានជ័យ 2C-3337) ២. រថយន្តម៉ាក នីសាន់ ហ្វ្រន់ធា ពណ៌ស ពីរបាំង ពាក់ស្លាកលេខ (ឧត្ដរមានជ័យ 2A-3337) ដឹកឈើសិប្បកម្មយ៉ាងសំពីងសំពោងស្ទើរតែបាក់រថយន្ដចេញពីខេត្តព្រះវិហារ ធ្វើដំណើរឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដឹកឆ្ពោះយកចេញទៅតាមបណ្ដាខេត្តផ្សេងៗ។ប្រជាពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថា ប្រហែលជាបុរសមេឈ្មួញឈ្មោះ ឆាយ ម៉េងហុង នេះមានការរៀបចំជាកញ្ចប់លុយឲ្យ សមត្ថកិច្ចនិងមន្ត្រីជំនាញចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត អស់ហើយក៏មិនដឹង? ប្រសិនបើសមត្ថកិច្ចនិងមន្ត្រីជំនាញគ្មានការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធនោះទេ គឺមេឈ្មួញរូបនេះក៏មិនអាចធ្វើការដឹកជញ្ជូនឈើ សិប្បកម្មអត់ច្បាប់ទាំងនេះ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ទៅខេត្តផ្សេងៗបានតាមតែអំពើចិត្តនោះឡើយ ព្រោះត្រូវប្រឈមមុខនិងការបង្ក្រាបជៀសមិនផុតនោះទេ។ប្រជាពលរដ្ឋជាច្រើនសូមធ្វើការសំណូមពរនិងអំពាវនាវទៅដល់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ និង មន្ត្រីជំនាញពាក់ព័ន្ធបទល្មើសព្រៃឈើទាំងអស់ មេត្តាចាត់វិធានការបង្ក្រាបមេឈ្មួញឈើឈ្មោះ ឆាយ ម៉េងហុង នេះទៅតាមផ្លូវច្បាប់ផង៕ 35 ចែករំលែក