ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង… ចេញផ្សាយបន្ថែម ថ្ងៃទី 16 ខែ Feb ឆ្នាំ 2022 57 ចែករំលែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង{ខេត្តក្រចេះ}÷នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ទាំងនោះដែលប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានទាំងអស់មានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ស្ពានដែលបានសាងសង់នេះ រួមមាន៖ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬស្សី ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀតដែលជប៉ុនបានជួយនាពេលកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថាជប៉ុន បានផ្តល់កម្ចី និងជំនួយ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ។ ភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបញ្ជូនយន្តហោះពិសេសមកទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកទៅទស្សនកិច្ចទៅជប៉ុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅឆ្នាំ២០១០, ២០១៦ និង២០១៨។ សម្តេចតេជោបានចាត់ទុកការអនុញ្ញាតនេះ គឺជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងពិសេសមួយរវាងកម្ពុជា និងជប៉ុន។ សម្តេចតេជោចង់ឱ្យមានការធ្វើសមយុទ្ធរវាងកម្ពុជា និងជប៉ុន តែសមយុទ្ធនោះ ធ្វើឡើងពាក់ព័ន្ធនឹងការជួយសង្គ្រោះពេលជួបគ្រោះមហន្តរាយ។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅថ្មីៗនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បញ្ហារបស់មីយ៉ាន់ម៉ា មិនអាចរឹងពេក ឬទន់ពេកបាននោះឡើយ។ សម្តេចតេជោបានបន្តថា ប្រសិនបើនៅតែរបៀបនេះយ៉ាងហោចណាស់៥ឆ្នាំទៀត បញ្ហារបស់មីយ៉ាន់ម៉ា គឺដោះស្រាយមិនទាន់បានផង។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរគ្រប់ខេត្ត ផ្តល់បរិយាកាសឱ្យបក្សនយោបាយដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនបាន។ទាក់ទងនឹងស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោនៅតែបន្តពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់បង្ការជំងឺនេះទាំងអស់គ្នា ជាពិសេសការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលស្ពានទាំង៧ដែលជាអំណោយរបស់មិត្តជប៉ុននៅថ្ងៃនេះ។ នៅចុងបញ្ចប់នៃកម្មវិធី សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានទាំង៧នេះ ចាប់ពីពេលនេះតទៅ៕ 57 ចែករំលែក