ព័ត៌មានជាតិ ចេញអធិបញ្ជាឱ្យ លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញព ចាត់វិធានការជាបន្ទាន់ ដើម្បីអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ចេញផ្សាយបន្ថែម ថ្ងៃទី 8 ខែ Sep ឆ្នាំ 2023 19 ចែករំលែក ភ្នំពេញ : យុត្តិធម៌ត្រូវតែមាន… រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជម្រាបមកលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកម្មវត្ថុ ៖ ការធ្វើអធិបញ្ហាដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើសំណុំរឿងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោក និងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលមានជនសង្ស័យឈ្មោះ ខូវ ស៊ឹមយូ ហៅ ចន្ទរះ។យោង ៖ មាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកព្រះរាជអាជ្ញា ជ្រាបថា ផ្អែកតាមអង្គហេតុ ដែលទទួលបាន, ឈ្មោះ ខូវ ស៊ីមយូ ហៅ ចន្ទរះ ភេទស្រី អាយុ ៣៨ឆ្នាំ បានចេញមូលប្បទានបត្រមួយចំនួន រួម មាន មូលប្បទានបត្រលេខ ២០៧៦៤៦ ចុះថ្ងៃទី២២-០៤-២០២៣ មានទឹកប្រាក់ចំនួន ៦៥ ៨១៥ ដុល្លារ អាមេរិក និងមូលប្បទានបត្រលេខ ២០៧៦៤៥ ចុះថ្ងៃទី ២៤-០៤-២០២៣ មានទឹកប្រាក់ចំនួន ៥២ ៦០០ ដុល្លារ អាមេរិក និងមូលប្បទានបត្រលេខ ២០៧៦០៤ ចុះថ្ងៃទី ១៣-០៨-២០២៣: មានទឹកប្រាក់ចំនួន ១១៥ ៥០០ ដុល្លារអាម៉េរិក ដើម្បីទូទាត់សងប្រាក់ទៅឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា។ នៅពេល ដល់ថ្ងៃកំណត់បើកប្រាក់ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា បានយកមូលប្បទានបត នោះ ទៅបើកប្រាក់នៅធនាគារ ប៉ុន្តែខាងធនាគារបានបញ្ជាក់ថាមូលប្បទានបត្រខាងលើមិនមានសាច់ប្រាក់នៅក្នុង គណនីនោះទេ។ ចំពោះករណីនេះ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន ឈ្មោះ ញិល សុភា បានដាក់ពាក្យប្ដឹង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៣១ ចុះថ្ងៃទី ១៥-០៦-២០២៣, សំណុំរឿងព្រហ្មទណ្ឌលេខ ៤៦៣៤ ចុះថ្ងៃទី ២៣-០៨-២០២៣ និងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៨៩៤ ចុះថ្ងៃទី ០៣-០៩-២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ សូមចេញអធិបញ្ជាឱ្យ លោកព្រះរាជអាជ្ញា ចាត់វិធានការជាបន្ទាន់ ដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះករណីខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន ដើម្បីធានាថា ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ នៅក្នុងករណីនេះ ត្រូវបានការពារដោយត្រឹមត្រូវ៕ 19 ចែករំលែក