ព័ត៌មានជាតិ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោយ ចាស់ជរា ចេញផ្សាយបន្ថែម ថ្ងៃទី 20 ខែ Jan ឆ្នាំ 2024 11 ចែករំលែក (ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយលោក គន្ធ នីរ៉ូ មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារ ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ចំនួន ០១គ្រួសារ ឈ្មោះ មាស សយ អាយុ ៨៥ឆ្នាំ រស់នៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ទន្ទឹមគ្នានេះ លោកក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ។អំណោយដែលអនុសាខានាំយកទៅជូន រួមមាន: អង្ករ ៥០គីឡូក្រាម, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ស័ង្កសី ១០សន្លឹក, និងថវិកា ៥០០.០០០រៀល (ហាសិបម៉ឺនរៀលគត់)។ឆ្លៀតក្នុងឱកាសនេះដែរ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា ក៏បានចូលពិនិត្យមើលស្ថានភាពផ្ទះ លោកយាយ ឈួន ហាន អាយុ ៨៥ឆ្នាំ ដែលសុំដីគេសង់ផ្ទះរស់នៅម្នាក់ឯង ស្ថិតនៅភូមិវាលតាគីង ឃុំត្បែងខ្ពស់ ហើយលោកប្រធានបានឧបត្ថម្ភថវិកាជូនលោកយាយចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល)។ សូមបញ្ជាក់ផងដែរថា អាជ្ញាធរស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង មិនដែលព្រងើយកន្តោចចំពោះពលរដ្ឋដែលខ្វះខាតនិងចាស់ជរានៅក្នុងមូលដ្ឋានស្រុកដោយ៕ 11 ចែករំលែក