ករណីអភិបាលរងដកកាំភ្លើងភ្ជង់អធិការស្រុក និងមេបញ្ជាការសឹករងស្រុក ក្រោយមានទំនាស់ពាក្យសម្ដី មានចំណាត់ការហើយ…
(មណ្ឌលគិរី)៖ ថ្មីៗនេះមានរឿងចម្លែក និងល្បីពេញ ប្រទេសកម្ពុជា ដោយអ្នកច្បាប់មិនយល់ពីច្បាប់ ជាក់ស្ដែងដូចជា លោកអភិបាលរងស្រុកអូរាំងរូបនេះ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅស្រុកអូរាំង។ លោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវនៅពេលរាត្រី បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានផ្សេងៗគ្នាពីមូលដ្ឋាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មុនពេលកើតហេតុលោក ខាត់ សាក់ មេបញ្ជាការសឹករងស្រុកអូររាំង បានធ្វើដំណើរចេញពីបន្ទាយខ្លួនតាមបណ្តោយផ្លូវជាតិលេខ៧៦ ឆ្ពោះទៅក្បែរៗវត្តនៅមិនឆ្ងាយពីអធិការស្រុកអូររាំងនោះទេ ដោយសារលោក សៀក មុន្នី ទូរស័ព្ទឲ្យលោកទៅមើលឈ្មោះ សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង លឺថាអភិបាលរងស្រុកខាងលើ បានបើកឡានគៀរក្មេង។
នៅពេលដែលលោក ខាត់ សាក់ និងលោក សុខ សុវណ្ណារិទ្ធ បានជួបគ្នាបែរជាមានទំនាស់ពាក្យសំដីគ្នា ឈានដល់ភ្ជង់កាំភ្លើងដាក់គ្នា រហូតដល់អភិបាលរងស្រុករូបនោះ បបួលលោកមេបញ្ជាការសឹករងអូររាំងវាស់ដីបាញ់គ្នាផង ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ និងភ័យស្លន់ស្លោជាខ្លាំង។
លោក ហាក់ ទិត្យឬទ្ធីវង្ស អធិការស្រុកអូររាំង ក៏បានអះអាងថា នៅពេលកើតហេតុ លោកឃើញភាគីទាំងពីរ ពោលលោកអភិបាលស្រុក និងលោកមេបញ្ជាការសឹករង កំពុងដកកាំភ្លើងភ្ជង់គ្នាទៅហើយ។ ភ្លាមនោះ លោកបានធ្វើការសម្របសម្រួល ប៉ុន្ដែលោកអភិបាលរងស្រុកនៅរឹងទទឹង ថែមទាំងរេកាំភ្លើងមកភ្ជង់លោកថែមទៀត ហើយលោកក៏ស្ទុះទៅចាំយកកាំភ្លើងពីលោកអភិបាលរងស្រុកតែម្ដង សំដៅបញ្ចប់វិវាទ។
យ៉ាងណាមិញ ករណីនេះ លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានកោះកៅភាគីទាំងពីរ គឺលោកអភិបាលរងស្រុក និងមេបញ្ជាការសឹករងស្រុក ដើម្បីធ្វើការសួរនាំ និងបញ្ចប់ទំនាស់រវាងអ្នកទាំងពីរ។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចេញលិខិតបំភ្លឺនិងបញ្ជាក់ព័ត៌មាននិងមានចំណាត់ការក្នុងរឿងនេះហើយ៕