កម្មការិនីចំនួន ៦៦នាក់ ជួបគ្រោះថ្នាក់ចរាចរណ័ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកតំណាងរាស្ត្រចុះសួរសុខទុក្ខ
(កំពង់ឆ្នាំង) ៖ ទទួលដំណឹងភ្លាម គឺចុះដល់មន្ទីរពេទ្យសួរសុខទុក្ខភ្លែត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ ព្រមទាំងអនុសាខាកាកបាទក្រហមស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនបងប្អូនកម្មករ កម្មការនីចំនួន ៦៦នាក់ ដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ័ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ។
សូមបញ្ជាក់ថា មានរថយន្ដដឹកកម្មករ មួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ដ មួយគ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្ស៦៦នាក់រងរបួសធ្ងន់ និងស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកកម្មករ បើកវ៉ាជែងស្របទិសគ្នា ហើយជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតយ៉ាងពេញទំហឹងតែម្តង។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្រឡាច ។
ជាចុងក្រោយសូមសំណូមពរទៅដល់បងៗជាតៃកុងឡានដឹកកម្មកររោងចក្រ សូមមេត្តាបើកបរអោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។គឺគោរពភ្លើងសញ្ញា គំនូសសញ្ញា និងសញ្ញាបញ្ជារបស់សមត្ថកិច្ច៕