ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញសំណេះសំណាល និងប្រគល់អាវភ្លៀង…
{ខេត្តកំពង់ឆ្នាំង}÷ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា និងលោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបី បានចូលរួមអមដំណើរ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញសំណេះសំណាល និងប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកម្លាំង ទិសយោធភូមិភាគពិសេស នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងនៅបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានថ្លែងអំណរគុណដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ៕