ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ចេញផ្សាយបន្ថែម ថ្ងៃទី 24 ខែ Jun ឆ្នាំ 2024 9 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷នៅសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ិន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំកងកម្លាំង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ អញ្ជើញចុះពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក។លោកជំទាវប្រធានគណៈកម្មការ បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដោយបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្របតាមអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារដែលខេត្តសម្រេចបាននាពេលកន្លងមក និងទិសដៅការងារសំខាន់ៗ ពិសេសទាក់ទងនឹងវិស័យក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៨។ជាមួយនឹងសមិទ្ធផលដែលខេត្តសម្រេចបាន លោកជំទាវប្រធានគណៈកម្មការ បានកោតសរសើរ និងសំណូមពរឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំពង្រឹងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពង្រឹងការអប់រំផ្សព្វផ្សាយពីជំងឺមិនឆ្លង សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន។ក្រៅអំពីជួបប្រជុំពិភាក្សានៅសាលាខេត្តកំពង់ឆ្នាំង លោកជំទាវប្រធានគណៈកម្មការក៏បានដឹកនាំប្រតិភូអញ្ជើញពិនិត្យសិក្សាស្វែងយល់ពីការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច និងពិនិត្យស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងផងដែរ៕ 9 ចែករំលែក