ព័ត៌មានជាតិ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដ និងម៉ូតូ នៅខណ្ឌ៧មករា ត្រូវបានសម្របសម្រួលបញ្ចប់ ក្រោយភាគីឡានផ្ដល់សំណង៦៥០ដុល្លារ ជូនជនរងគ្រោះដែលបាក់ជើង… ចេញផ្សាយបន្ថែម ថ្ងៃទី 26 ខែ Jun ឆ្នាំ 2024 30 ចែករំលែក (ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដមួយគ្រឿងម៉ាក Lexus GS300 ពាក់ផ្លាកលេខភ្នំពេញ 2BA-7967 បានបត់ស្ដាំប៉ះជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើងធ្ងន់ធ្ងរ ត្រូវបានដោះស្រាយសម្របសម្រួលបញ្ចប់ហើយ ក្រោយភាគីរថយន្ដ ផ្ដល់សំណង៦៥០ដុល្លារទៅអ្នករងគ្រោះ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចស្ដុបកាណាឌីយ៉ា ផ្លូវសហព័ន្ធរុស្ស៉ី ខណ្ឌ៧មករា ហើយបានសម្របសម្រួលបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដើមឡើងករណីគ្រោះថ្នាក់ចរាចរណ៍ភាគីទាំងពីរ បានព្រមព្រៀងគ្នាដោះស្រាយម្ដងរួចមកហើយ ដោយមិនប្ដឹងសមត្ថកិច្ចឡើយ ប៉ុន្ដែក្រោយមកជជែកមិនត្រូវគ្នា ព្រោះតែភាគីរថយន្ដផ្ដល់សំណងត្រឹម៣០០ដុល្លារ។រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ភាគីម៉ូតូបានប្ដឹងទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសុំការអន្ដរាគមន៍។ ក្រោយការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ជាមួយសំណង៦៥០ដុល្លារ និងបញ្ចប់រឿង។សូមជម្រាបថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ពុត សីហា អាយុ១៨ឆ្នាំ មានស្រុកកំណើត ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មកធ្វើការនៅភ្នំពេញស្នាក់ក្នុងផ្ទះជួល សង្កាត់ឈូកវ៉ាក២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ 30 ចែករំលែក