ព័ត៌មានជាតិ តើនឹងមានអ្វីកើតឡើងខ្លះនៅថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ? ចេញផ្សាយបន្ថែម ថ្ងៃទី 4 ខែ Aug ឆ្នាំ 2024 4 ចែករំលែក តើនឹងមានអ្វីកើតឡើងខ្លះនៅថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ?នៅថ្ងៃទី ៥សីហាឆ្នាំ២០២៤ ស្អែកនេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ពិធីនេះនឹងរៀបចំឡើងនៅចំណុចប្រសព្វរវាងព្រែកតាកែវ និងទន្លេមេគង្គ ដែលស្ថិតក្នុងភូមិសាស្រ្តភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ពិធីនោះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ មន្ត្រីរាជការ រដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស ដែលបានកំណត់មួយម៉ឺននាក់។តាមការគ្រោងទុក នៅវេលាកំណត់ម៉ោង៩និង៩នាទីព្រឹកថ្ងៃទី៥ ខែសីហា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុចប៊ូតុងសម្ពោធការដ្ឋាន ខណៈនៅតាមក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន សាលារៀន ទីវត្តអារាម នឹងមានការទូងស្គរ។ នៅពេលរាត្រីនឹងមានការបណ្តែតប្រទីបនៅតាមដងទន្លេក្បែរទីតាំងបើកការដ្ឋាននោះ។រដ្ឋបាលខេត្តកណ្តាលដែលជាម្ចាស់ភូមិសាស្ត្រចាប់ផ្តើមព្រែកជីកនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតប្រដាល់គុនខ្មែរ គុនល្បុក្កតោ ការប្រគំតន្ត្រី នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីម៉ោង១រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសប្បាយរីករាយ និងកាន់តែមានភាពអធិកអធម ព្រមទាំងមានការអុជកាំជ្រួចនៅម៉ោង៧យប់។រីឯខេត្តកំពតក្រៅពីការត្រៀមរៀបចាំអបអរនៅតាមគ្រឹះស្ថានសាសនា មន្ទីរ អង្គភាពរដ្ឋ ឯកជន សាលារៀន រដ្ឋបាលក្រុង ឃុំ សង្កាត់ក៏មានការរៀបចំអាហារសាមគ្គីនៅពេលល្ងាច កម្មវិធីកម្សាន្តនានានៅបរិវេណមាត់ព្រែកកំពង់បាយ ក្រុងកំពត (រូបសំណាកអង្គឌួង)។ក៏មានកម្មវិធីអុចកាំជ្រួច នឹងធ្វើឡើងនៅរាត្រីថ្ងៃទី០៥ ខែសីហា វេលាម៉ោង៧យប់ នៅបរិវេណមាត់ព្រែកកំពង់បាយ(មុខសាលាខេត្តកំពត) ព្រមទាំងរៀបចំកម្មវិធីរាំលេងកម្សាន្ត នៅបរិវេណរូបសេះសមុទ្របាញ់ទឹក ក្រុងកំពត។ចំណែកឯរដ្ឋបាលខេត្តកែបដែលជាម្ចាស់ភូមិសាស្ត្រចុងបញ្ចប់ព្រែកជីក នឹងមានរៀបចំការប្រគំតន្ត្រី រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី០២ ខែសីហា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តរបស់ខ្លួនក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ។ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ នឹងមានរៀបចំការប្រគំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាងមួយម៉ឺននាក់ ជាមួយនឹងការរៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខ ចំនួន២លើក។ លើកទី១ គឺនៅម៉ោង៧និង២០នាទីយប់ និងលើកទី២នៅម៉ោង៩និង៩នាទីយប់។ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួនមួយថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ហើយការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហានេះ គឺបុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួលទៀតផង៕ក្រសួងព័ត៌មាន 4 ចែករំលែក