ព័ត៌មានជាតិ រន្ធត់ខ្លាំងណាស់.!! ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២៩នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំង បើកចុះពីច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ចេញផ្សាយបន្ថែម ថ្ងៃទី 4 ខែ Aug ឆ្នាំ 2024 9 ចែករំលែក (ឧត្តរមានជ័យ)÷យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និង២៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំង បើកបរចុះពីច្រកព្រំដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។បើតាមសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំ បានឱ្យដឹងនៅព្រលប់ថ្ងៃនេះថា មុនពេលកើតហេតុមានរថយន្តចំនួន១៥២គ្រឿង និងមនុស្សចំនួន ៣,៣៧៩អង្គ/នាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សាទៅកាន់វត្តលោកតាសួងក្នុងទឹកដីថៃ ដោយចូលក្នុងទឹកដីថៃប្រហែលម៉ោង១២.០០នាទីថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់។ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ ធ្វើឱ្យអ្នកជិះលើរថយន្តសរុប៣០នាក់ ស្រី ២៥នាក់ ក្នុងនោះក្មេង២នាក់ បណ្តាលឱ្យស្លាប់ ១នាក់ស្រី របួសធ្ងន់ ៦នាក់ ស្រី ៥នាក់ របួសស្រាល ២៣ ស្រី ១៩នាក់ ( ក្មេង ២នាក់ ប្រុស និងខូចរថយន្ដ ០១គ្រឿង ។សូមបងប្អូនបើកបរដោយមានការប្រុងប្រយ័ត្ន ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តរបស់ខ្លួនរៀងៗខ្លួនឲ្យបានល្អ។ គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតរបស់អ្នកដទៃក៏ដូចជាអាយុជីវិតរបស់ខ្លួន៕ 9 ចែករំលែក